ជម្រើសជាតិសីដក់ហ្វឹកហាត់ ត្រៀមវិញ្ញាសាទាំងអស់ សម្រាប់ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១

សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានជំរុញឱ្យកីឡាករ កីឡាការិនី ជម្រើសជាតិ របស់ខ្លួនបង្កើនការហ្វឹកហាត់ ត្រៀមចូលរួមប្រកួត ប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣១ នាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពី ម្ចាស់ផ្ទះ បានកំណត់បង្ហាញនូវ ប្រភេទកីឡាចំនួន៤០ និងមាន៥២៦វិញ្ញាសា ដែលក្នុងនោះ មានប្រភេទកីឡា សីដក់ មានចំនួន៨វិញ្ញាសា គឺបុរស៤ និងនារី៤វិញ្ញាសា។

កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានបញ្ជាក់ថា ពេលនេះសហព័ន្ធ បានត្រៀមលក្ខណៈលើវិញ្ញាសា ទាំងអស់នេះ ជាបណ្តោះអាសន្នសិន ដោយសារ មិនទាន់ទទួលការបញ្ជាក់ ពីម្ចាស់ផ្ទះនូវ Technical Handbook នៅឡើយ ពោលគឺ បុរស៤វិញ្ញាសា និងនារី៤វិញ្ញាសា ដោយហ្វឹកហាត់ត្រៀម ទាំងអស់គ្នា។ ប៉ុន្តែសម្រាប់កីឡាការិនី ដែលកំពុងហ្វឹកហាត់ត្រៀមនេះ មិនទាន់ច្បាស់ទេថា តើបានចូលរួម ប្រកួតក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១នេះ ឬអត់ទេ ដោយរង់ចាំ ការសម្រេចពី ក្រសួងអប់រំ យុវជន និងកីឡា។ អគ្គលេខាធិការស្តីទី បានបន្ដថា ប្រសិនបើក្រសួង អនុញ្ញាត ឱ្យក្រុមកីឡាការិនី ចេញទៅចូលរួម ប្រកួតប្រជែង ក្នុងស៊ីហ្គេមលើកនេះ គឺជារឿងល្អខ្លាំងណាស់ ដែលជាឱកាសបានផ្តល់ឱកាសឱ្យក្រុមកីឡាការិនីជម្រើសជាតិ បានបញ្ចេញសមត្ថភាព និងបានបង្កើតបាន បទពិសោធន៍អន្តរជាតិ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយកម្ពុជា មានក្រុមនារីស្រាប់ សម្រាប់ស៊ីហ្គេម ២០២៣នេះ។

អគ្គលេខាធិការស្តីទីរូបនេះ បន្ថែមថា ការហ្វឹកហាត់បានចាប់ផ្តើមនៅព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២១ នៅតាមផ្ទះរៀងៗខ្លួន ដោយត្រួតពិនិត្យការហ្វឹកហាត់តាមរយៈប្រព័ន្ធអនឡាញ។ ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិសីដក់សម្រាប់ឆ្នាំ២០២១នេះមានចំនួនសរុប៣១នាក់ ក្នុងនោះកីឡាករ ១៨នាក់ និងកីឡាការិនី០៨នាក់ និងគ្រូបង្វឹក០៥នាក់។
កញ្ញា សួង ចាន់តូរ៉ាទី បានបញ្ជាក់បន្ថែមថា បើទោះបីជាពេលនេះយើងបានត្រៀមលើគ្រប់វិញ្ញាសាបុរស-នារីក្តី ប៉ុន្តែយើងមិនទាន់ដឹងច្បាស់ថាតើយើងនឹងត្រូវចូលរួមប្រកួតប៉ុន្មានវិញ្ញាសានោះនៅឡើយទ ដោយសារពេលនេះយើងមិនទាន់ទទួលបាន Technical Handbook ពីម្ចាស់ផ្ទះវៀតណាមនៅឡើយទេថាតើយើងអាចចូលរួមប្រកួតប៉ុន្មានវិញ្ញាសា ដូចជានៅស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីនកន្លងទៅ គឺកម្ពុជាចូលរួមប្រកួត២វិញ្ញាសាបុរស។ ជាមួយគ្នានេះ Technical Handbook គឺជាសៀវភៅបច្ចេកទេស ដែលគេនិយាយបញ្ចាក់ពីក្បួនច្បាប់នៃការប្រកួត និយាយទាំងពីវិញ្ញាសាដែលគេអនុញ្ញាតឱ្យចូលរួមប្រកួតថាបានប៉ុន្មានវិញ្ញាសា មានបញ្ជាក់តាំងពីទីលានប្រកួត រួមទាំងវិន័យនៃការប្រកួតជាដើមផងដែរ។
សូមបញ្ចាក់ថា កីឡាសីដក់ គឺជាប្រភេទកីឡាមានសក្តានុពលមួយ ក្នុងចំណោមកីឡាសក្តានុពលមួយចំនួនទៀតរបស់កម្ពុជា ដោយធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាបន្តបន្ទាប់នាពេលកន្លងមក ប៉ុន្តែគួរឱ្យស្តាយ នៅក្នុងស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ សីដក់កម្ពុជាដណ្តើមបានមេដាយប្រាក់១វិញ្ញាសាជាក្រុមប៉ុណ្ណោះ៕