អាជីវករ ២៤នាក់ លក់ដូរក្នុងផ្សារចំនួន០២ក្នុងក្រុងសៀមរាប ដែលធ្វេសប្រហែសពាក់ម៉ាស បានចុះកិច្ចសន្យាបំពេញកាតព្វកិច្ចពាក់ម៉ាសការពារជំងឺកូវីដ-១៩ 

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារនៃយុទ្ធនាការជំរុញការពាក់ម៉ាសទាំងអស់គ្នា និងពាក់ម៉ាសឲ្យបានត្រឹមត្រូវ ដែលដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមជាមួយមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល និងកម្លាំងសហការដោយមន្រ្តីសមត្ថកិច្ច មកពីស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធខេត្ត បានចុះអនុវត្តក្នុងជំហានទី២ គឺការចុះកិច្ចសន្យាព្រមអនុវត្តកាតព្វកិច្ចពាក់ម៉ាសឲ្យបានត្រឹមត្រូវ បន្ទាប់ពីមានការអប់រំនៃជំហានទី១ ដែលកិច្ចសន្យានោះ នឹងត្រូវបាន កំណត់ឲ្យជនណា ដែលនៅតែបន្តឲ្យមានការធ្វេសប្រហែស គឺត្រូវទទួលយកការផាកពិន័យ តាមច្បាប់ដែលបានកំណត់ ។

ក្នុងយុទ្ធនាការលើកនេះ ក្រុមការងារបានរកឃើញអាជីវករចំនួន២៤នាក់ លក់ដូរនៅផ្សារលើធំថ្មី និងផ្សារសាមគ្គីនៃក្រុងសៀមរាប ពុំយកចិត្តទុកដាក់ និងធ្វេសប្រហែស ពាក់ម៉ាសមិនបានត្រឹមត្រូវ និងមួយចំនួនទៀតធ្វេសប្រហែសមិនពាក់ម៉ាសតែម្តង ហើយអាជីករទាំង២៤នាក់នោះ ត្រូវបានក្រុមការងារឲ្យអនុវត្តតាមនីតិវិធី ដោយឲ្យសាម៉ីជន ផ្តិតមេដៃលើកិច្ចសន្យា បញ្ឈប់ការធ្វេសប្រហែសរបស់ខ្លួន និងព្រមទទួលរងការផាកពិន័យអន្តរកាលតាមច្បាប់ប្បញ្ញត្តិ បើសិនជាការធ្វេសប្រហែសនេះ កើតមាននៅលើកក្រោយទៀតនោះ។

លោក ពិន ប្រាកដ បានឲ្យដឹងថា វាពិតជាកើតចេញពីការទទួលខុសត្រូវ និងក្តីកង្វល់របស់អាជ្ញាធរខេត្ត ដែលយន្តការកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩ ត្រូវបានអនុវត្តតាមរយៈនៃការដាក់ចេញនូវវិធានការផ្សេងៗជាច្រើននោះ ហើយអ្វីដែលកត់សម្គាល់ គឺមួយរយៈចុងក្រោយនេះ កូវីដ១៩ត្រូវបានលុកលុយចូលទៅក្នុងផ្សារនានា ដូចជានៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ ក្រុងព្រះសីហនុ ហើយនៅក្រុងសៀមរាប ផ្សារចំនួន២ ត្រូវបានបិទខ្ទប់ផ្អាកសកម្មភាពបណ្តោះអាសន្ន១៤ថ្ងៃ កាលពីថ្ងៃទី១២ ខែមេសា កន្លងមកនេះ។

លោក ពិន ប្រាកដ បានឲ្យដឹងទៀតថា បើទោះជាយុទ្ធនាការនេះ បានឈានទៅដល់ការផាកពិន័យនាថ្ងៃខាងមុខ ក៏ប៉ុន្តែអ្វីដែលជាលទ្ធផលចុងក្រោយដែលអាជ្ញាធរខេត្តចង់បាន នោះគឺពុំមែនជាប្រាក់ពិន័យទាំងនោះឡើយ តែគឺការចង់ឃើញប្រជាពលរដ្ឋ ពាក់ម៉ាសបានត្រឹមត្រូវ ដើម្បីការពារអាយុជីវិតទាំងអស់គ្នា ។

គួររំលឹកថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្រ្ត ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ ហើយដែលតម្រូវឲ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។

តាមច្បាប់ជនណាមិនពាក់ម៉ាស បង្កហានីភ័យនៃការចម្លង ត្រូវពិន័យជាប្រាក់ ពី២០ម៉ឺនដល់១លានរៀល៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប