ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ១០មុឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមនាមជាព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជូបត្ថម្ភជាព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តម ចំនួន ១០មុឺនដុល្លារសហរដ្ឋអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥មុឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ៥មុឺនដុល្លារ ) ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏វិសេសវិសាលនៃខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ដើម្បីគាំទ្រនូវសកម្មភាពមនុស្សធម៌នានាទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាព្រះរាជសកម្មភាពលើវិស័យមនុស្សធម៌ដ៏ឧត្តុង្គឧត្តម បន្តចាប់តាំងពី ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងតរៀងមក៕