ក្របីចំនួន២ក្បាលបានងាប់ និងមនុស្សចំនួន២នាក់ដែលត្រូវជាម្ចាស់ បានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់នៅស្រុកបន្ទាយស្រី 

តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីពេលល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ មានអ្នកឃ្វាលក្របីចំនួន២នាក់ត្រូវបានសន្លប់បាត់បង់ស្មារតី ដោយសាររន្ទះបាញ់ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ប៉ុន្តែសត្វក្របីទាំង២ក្បាលរបស់គាត់ ត្រូវបានបាញ់ស្លាប់នៅនឹងកន្លែងភ្លាមៗ ដែលហេតុការណ៍នេះកើតឡើង នៅក្នុងភូមិសាស្ត្រភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។

លោក ឃឹម ហ្វីណង់ បានរៀបរាប់បន្ថែមថា ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺច្រើននៅមានរន្ទះកាចៗណាស់ ដូច្នេះសូមពុកម៉ែបងប្អូននៅក្នុងស្រុកបន្ទាយស្រី ដែលប្រកបមុខរបរនៅតាមដងផ្លូវ លើវាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃកំពុងភ្លៀង ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ពេលឮសំឡេងផ្គររន្ទះកើតមាននៅក្បែរខ្លួន ត្រូវឆាប់រត់រកកន្លែងជ្រក ដែលមានសុវត្ថិភាព ចាកចេញ ពីទឹក វាលស្រែ តំបន់ទីទួលខ្ពស់ ឬទីវាលដែលគ្មានដើមឈើ និងមិនត្រូវជ្រកនៅក្រោមដើមឈើឡើយ ពិសេស សូមនៅឲ្យឆ្ងាយពីទូរស័ព្ទ ឬបិទទូរស័ព្ទ និងឧបករណ៍អគ្គិសនីផ្សេងៗទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនី ដែលជាកត្តាអាចទាក់ទាញរន្ទះបាញ់បាន ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប