ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋ ២៤គ្រួសារ នៅស្រុកវ៉ារិន ដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់ រួមមាន ៖ ឃុំវ៉ារិន រលំផ្ទះចំនួន៧ខ្នង , របើកដំបូលផ្ទះ ចំនួន ១៣ខ្នង និងឃុំស្រែណូយ រលំផ្ទះចំនួន១ខ្នង និង របើកដំបូលផ្ទះចំនួន៣ខ្នង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្នុងនោះ ៖ គ្រួសាររលំផ្ទះ ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១៦សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល ហើយគ្រួសាររបើកដំបូល ក្នុងមួយគ្រួសារទទួលបាន ៖ មុង១ , ភួយ១ , សារុង១ , ក្រមា១ , កន្ទេល១ , អាវយឺត២ , ស័ង្កសី ១០សន្លឹក , មី១កេស , ត្រីខ១យួរ , អង្ករ៣០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ហើយក្នុងនាមគណៈកម្មាធិការសាខា សូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។

ឯកឧត្តម គុជ លីណា មានប្រសាសន៍បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ៕

ប្រភព៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប