ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និង សាច់ខួរក្បាល ! 

ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ និងសាច់ខួរក្បាល(Acute Subdural Haematoma) គឺជាការកកឈាមក្រោយពីការប៉ះទង្គិចក្បាល រហូតដល់រយៈពេលមួយអាទិត្យក្រោយគ្រោះថ្នាក់ ហើយក៏ជាប្រភេទជំងឺធ្ងន់ធ្ងរជាងគេក្នុងចំណោមជំងឺឈាមកកចន្លោះស្រោមខួរទាំងអស់(subdural haematoma)។ ជាទូទៅវាកើតឡើងបន្ទាប់ពីរងរបួសក្បាលធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលអ្នកបើកបរភាគច្រើន បើកបរក្នុងសភាពស្រវឹង មិនពាក់មួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ ការធ្លាក់ពីលើទីខ្ពស់ និងការរអិលដួលបោកក្បាលជាដើម។ ជំងឺនេះ ទាមទារឲ្យអ្នកជំងឺចូលសម្រាកពេទ្យជាបន្ទាន់ ហើយមួយភាគធំនៃអ្នកជំងឺអាចឈានទៅដល់ការវះកាត់ យកឈាមកកនៅក្នុងស្រោមខួរក្បាលនោះចេញ។

ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្វើឲ្យខួរក្បាលរបស់មនុស្សខូចដោយសារ ៣ របៀប៖

– បណ្ដាលមកពីការបែកសរសៃវែន ដែលជាសរសៃនាំឈាមចេញពីខួរក្បាលទៅបេះដូង និងសួត

– បណ្ដាលមកពីការបែកសរសៃអាកទែ ដែលជាអ្នកនាំឈាមពីបេះដូងទៅកាន់ខួរក្បាល

– ការខូចខាតដល់ជាលិកាខួរក្បាល ដែលបណ្ដាលឲ្យមានការហូរឈាមក្នុងខួរក្បាល

ទន្ទឹមគ្នានេះដែរ ការសង្កត់របស់ដុំឈាមទៅលើខួរក្បាលបានបន្ថយ និងបង្អាក់នូវលំហូររបស់សរសៃឈាមខួរក្បាល ហើយជាលទ្ធផលវានឹងធ្វើអោយមានការហើម និងខូចខាតយ៉ាងខ្លាំងដល់ខួរក្បាល ដែលជាអ្នកបញ្ជាវិញ្ញាណទាំងប្រាំរបស់យើង។

ក) ការប៉ះពាល់៖

ជំងឺឈាមកកស្រួចស្រាវចន្លោះស្រោមខួរ ASH មានហានិភ័យខ្ពស់រហូតអាចបណ្តាលឲ្យអ្នកជំងឺបាត់បងជីវិតបាន។ អាយុគឺជាកត្តាសំខាន់ដែលប៉ះពាល់ដល់ការវិវត្តន៍របស់អ្នកជំងឺ៖

– អាយុក្រោម ៤០ឆ្នាំមានហានិភ័យ ២០% នៃការស្លាប់

– អាយុចាប់ពី ៤០ឆ្នាំទៅ ៣០ឆ្នាំមានហានិភ័យ ៦៥% នៃការស្លាប់

– ចាប់ពី ៨០ឆ្នាំឡើងទៅមានហានិភ័យនៃការស្លាប់ ៨៨%

ការជាសះស្បើយពីជំងឺនេះត្រូវអាស្រ័យលើកត្តាជាច្រើន ក្នុងនោះមានដូចជាដុំឈាមតូចឬធំ ការមកដល់មន្ទីរពេទ្យលឿនឬក៏យឺត។ ជួនកាលអ្នកជំងឺត្រូវញាំញីដោយស្លាកស្នាមរបួសដែលជាសំណល់របស់ជំងឺនេះទាំងផ្លូវកាយ និងផ្លូវចិត្តជារៀងរហូតក៏មានដែរ។

ខ) រោគសញ្ញា៖

រោគសញ្ញានៃជំងឺឈាមកកស្រួចស្រាវនៅក្នុងស្រទាប់ខួរក្បាល ASH អាចកើតឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីការប៉ះទង្គិចក្បាល មានដូចជា៖

– ការឈឺក្បាលខ្លាំង ឬតិច

– ការក្អួតចង្អោរ ឬមានអារម្មណ៍មិនស្រណុក

– ការវង្វេង

– ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈ ឬផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ

– ទន់ត្របកភ្នែក ងងុយជាប់រហូត

– ពិបាកនិយាយ ឬនិយាយមិនចេញ

– ការមើលឃើញព្រិលៗ ឬបែករូបភាពជាពីរ

– ទន់ ឬពិការមួយចំហៀងខ្លួន

– ការបាត់បង់ស្មារតី ឬសន្លប់

គ) ការព្យាបាល៖

ការព្យាបាលអាស្រ័យទៅលើដុំកំណកឈាម ឈាមដែលមានទំហំតូច ភាគច្រើនអាចព្យាបាលដោយថ្នាំ និងការតាមដាន។ រីឯដុំឈាមដែលមានទំហំចាប់ពី១០មីលីម៉ែត្រ ឬធំជាងនេះ នឹងត្រូវធ្វើការវះកាត់យកចេញដោយក្រុមវេជ្ជបណ្ដិតជំនាញ និងមានការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។

ការជាសះស្បើយពីជំងឺមិនដូចគ្នាទាំងអស់នោះទេ ពេលខ្លះអ្នកជំងឺត្រូវចំណាយពេលមួយឆ្នាំ ឬច្រើនជាងនេះ ដើម្បីស្ដារលទ្ធភាពពលកម្មឲ្យបានជាសះស្បើយមកវិញជាមួយក្រុមគ្រូពេទ្យព្យាបាលដោយចលនា(physiotherapists) ក្រុមគ្រូពេទ្យព្យាបាលសំលេង (speech therapists)ផងដែរ។ ចូរចាំថាអ្នកជំងឺអាចនឹងផ្លាស់ប្ដូរជារៀងរហូតនូវសភាពផ្លូវកាយ ផ្លូវចិត្ត និងការចងចាំរបស់គាត់។

”ប្រសិនបើលោកអ្នកបន្ទាប់ពីមានការប៉ះទង្គិចក្បាល ហើយមានរោគសញ្ញារឬអាការៈដូចដែលបានរៀបរាប់ខាងលើ សូមមកកាន់មន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីស្វែងរកជំងឺឈាមកកក្នុងស្រោមខួរក្បាលឬស្រទាប់ខួរក្បាល និងធ្វើការព្យាបាលឲ្យបានទាន់ពេល។” ៕