ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្លែងឯកសណ្ឋានយោធា និងក្លែងបន្លំឯកសារសាធារណៈ

បាត់ដំបង៖ យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ​ខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ។

ជនសង្ស័យ ១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់ការកាប ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ( ប្រើប្រាស់ឯកសណ្ឋានយោធា ) ។

២-ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

វត្ថុតាងចាប់យករួមមាន អាវត្រេអ៊ី ( កាងារដៃខ្លី ) ចំនួ១, សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១គូ, សក្តិ កអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន១គូ, ផ្លាកឈ្មោះមានអក្សរ ឧ.រស់ វណ្ណៈ ចំនួន១, គ្រឿងឥស្សរយយស (មេដាយ) ចំនួន១ផ្ទាំង, ស្លាកសញ្ញាដែកក្រសួងការពារជាតិ ចំនួន១, បណ្តោងដែកហនុមាន ចំនួន១, ស្បែកជើងកវែង ចំនួន១គូ, ខ្សែសាន់ណារ៉ុង ចំនួន១, មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន១, មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន១, ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន១សន្លឹក, ទូរសព្ទដៃ ចំនួន២គ្រឿង និងរថយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕