គណៈបញ្ជាការឯកភាពខេត្តបានចុះបិតទីតាំង៤កន្លែងជាប់ពាក់ព័ន្ធសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)÷ គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បានចុះបិតទីតាំងមានចំនួន៤កន្លែងជាប់ពាក់ព័ន្ធសង្ស័យថាមានការឆ្លងជំងឺកូវីដ-១៩ ពីជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១នេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ជាប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ ទីតាំង៤កន្លែងដែលត្រូវបិតនោះមាន៖ ១.ទីតាំងសណ្ឋាគារកាសុីណូប៉ោយប៉ែតភែលេសផ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ២.ទីតាំងផ្ទះសំណាក់៩៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ៣.វីឡាមួយកន្លែងក្នុងបូរីរស្មីដូងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។៤.ទីតាំងអាគារជួលម៉ាវង្សាដើមស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ឯកឧត្តម បានបញ្ជាក់ថា៖ទីតាំងខាងលើជាទីកន្លែងដែល ឈ្មោះ ចនហាន់ ស៊ូហានតូ ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅផ្ទះជួលក្នុងបូរីដួងច័ន្ទ ដែលបានធ្លាប់ចេញចូល ដោយជននេះមានវិជ្ជមានជំងឺកូវីត១៩ ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់បន្តទៀតថា៖ ទីតាំងខាងលើត្រូវបានបិទខ្ទប់មិនឲ្យចេញចូលនោះទេ ចំណែកអ្នកជំងឺជាជនជាតិឥណ្ឌូនេស៊ីត្រូវបានសមត្ថកិច្ចចំរុះ និងក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរីដើម្បីពិនិត្យនិងតាមដានបន្តទៀត ហើយត្រូវចត្តាឡីស័ក១៤ថ្ងៃបន្ថែមទៀតផង៕