អាល់កុលក្លែងក្លាយ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. ខេត្តរតនគិរី ដកហូតបានក្នុងក្រុងបានលុង

(ខេត្តរតនគិរី)​៖ ស្ថិតក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងជួបប្រទះនូវការរីករាលដាលនៃជម្ងឺកូវីត-១៩​ ក្នុងព្រឹត្តការណ៍ ២០កុម្ភៈ និងដើម្បីចូលរួមអនុវត្តសេចក្តីណែនាំលេខ០១ សណន របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ មន្រ្តីសាខាក.ប.ប. ខេត្តរតនគិរី ដោយទទួលបានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ នៅផ្សារស៊ីត្រា ផ្សារបានលុង និងបណ្តាផ្ទះលក់ទំនិញនានា ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី។

គោលបំណងសំខាន់នៃការចុះត្រួតពិនិត្យនេះ គឺដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលទំនិញ និងអង្កេត តាមដានតម្លៃលក់ទំនិញចាំបាច់មួយចំនួន ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃហួសហេតុ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

តាមរយៈសកម្មភាព មន្ត្រីជំនាញសាខា ក.ប.ប. បានរកឃើញ និងដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ដែលបន្លំលក់ជាអាល់កុលសម្លាប់មេរោគចំនួន ៣១.៥លីត្រ និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានដូចជា៖ ត្រីសាលម៉ុន ភេសជ្ជ:កំប៉ុង ទឹកដោះគោ ទឹកម្ទេស និងទឹកសៀង ចំនួន ១៨៩.៧២គីឡូក្រាម យកមករក្សាទុកដើម្បីអនុវត្តនីតិវិធី។

ក្នុងឱកាសនោះ មន្ត្រីជំនាញសាខា​សាខាក.ប.ប.ខេត្តរតនគិរី បានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ លក់ដូរ ក្នុងផ្សារទាំងអស់ សូមមេត្តាកុំឆ្លៀតឱកាសលក់ទំនិញដំឡើងថ្លៃហួសហេតុ និងសូមប្រកាន់ខ្ជាប់នូវការធ្វើអាជីវកម្ម ប្រកបដោយសីលធម៌ និងសុចរិត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកំពុងចូលរួមអនុវត្តបម្រាមបិទខ្ទប់ គោលបំណងប្រយុទ្ធប្រឆាំងនឹងការ រីករាលដាលនៃជំងឺកូវីត -១៩ មិនឱ្យរីករាលដាលបន្តទៀត៕