អ្នកបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ

បុរសដែលបង្ហោះព័ត៌មានក្លែងក្លាយតាមហ្វេសប៊ុកពាក់ព័ន្ធនឹងអ្នកឧកញ៉ា លី យ៉ុងផាត់ ដើម្បីបំពុលសង្គមនោះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការហើយ។ ឈ្មោះ លឹម ហួរ អាយុ ៥០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ថ្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងអះអាងថា មានមុខរបរជាអ្នកសារព័ត៌មានត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃសុក្រទី ២៣ មេសា ឆ្នាំ ២០២១ បន្ទាប់ពីជននេះបានបង្ហោះព័ត៌មានមិនពិតមួយនៅក្នុង Account ហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Lay Hour ដោយនិយាយមួលបង្កាច់ ប្រមាថជីវិតនិងបង្ខូចកិត្តិយសអ្នកឧកញ៉ា លី យ៉ុងផាត់ យ៉ាងធ្ងន់ធ្ងរ។ ក្រោយបើកការស្រាវជ្រាវ សមត្ថកិច្ចក៏ឈានដល់ការចាប់ខ្លួនឈ្មោះ លឹម ហួរ នៅឯលំនៅដ្ឋានតែម្តង។

ក្រោយពីសាកសួរនិងក្រោយពីសាមីខ្លួនបានសារភាពការពិតរួចមក ឈ្មោះ លឹម ហួរ ត្រូវបានចៅក្រមស៊ើបសួរតុលាការសាលាដំបូងខេត្តសៀមរាប លោក សុវណ្ណ ច័ន្ទន៍គ្រឹះស្នា ចោទប្រកាន់ពីបទក្លែងព័ត៌មានដែលមានចែងក្នុងមាត្រា ៤២៥ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារហើយនៅថ្ងៃសៅរ៍ទី ២៤ មេសានេះដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់៕