សមត្ថកិច្ច ច្រានចោលព័ត៌មានដែលផ្សាយថាមានករណីបង្ខាំងមនុស្សខុសច្បាប់ តាមពិតជាករណីសង្សារឈ្លោះគ្នាដោយសារជំពាកលុយគេ

សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសារពត៍មានមួយដែលបានឡាយ លើបណ្តាញសង្គមហ្វេសបុកថាមានករណីបង្ខាំងមនុស្សខុសច្បាប់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាក់ស្តែងជាករណីទំនាស់គ្នា រវាងសង្សារប្រុសស្រី ដែលជំពាក់លុយគេហើយគ្មានលុយសង ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនប្រជាពលរដ្ឋទូទៅឲ្យបានជ្រាបថា ជាក់ស្តែងជាករណីឈ្លោះទាស់ទែងគ្នារវាងបុរស និងស្ត្រីម្នាក់ ដែលត្រូវជាសង្សារនឹងគ្នា ដែលមានទំនាស់គ្នារឿងទៅទិញម្ហូប និងករណីជំពាក់លុយគេ ហើយគ្មានលុយសង ដែលកើតឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមលើករណីនេះ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ បានចុះដល់ទីតាំងកើតហេតុ និងបានកោះហៅភាគីទាំង២មកប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវដើម្បីធ្វើការបំភ្លឺលើករណីនេះ

ភាគីទី១ ឈ្មោះ ខៀវ ភាព ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

ភាគីទី២ ឈ្មោះ លឹម ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបារីមេន ស្នាក់នៅជាមួយគ្នា (ត្រូវជាសង្សារ)

ក្រោយពីធ្វើការសួររួចមកភាគីទាំង០២បានបំភ្លឺជូនសមត្ថកិច្ចថាករណីខាងលើមិនមែនជាករណីបង្ខាំងមនុស្សដូចដែលសារព័ត៌មានមួយចំនួន ឡាយនោះទេ គឺជាការឈ្លោះប្រកែកគ្នារឿងភាគីខាងស្រីអោយភាគីខាងប្រុសទៅខ្ជីប្រាក់ពីគេចំនួន $១០០ មកចាយវាយអស់តែម្នាក់ឯង លុះដល់ថ្ងៃសងប្រាក់ភាគីខាងស្រីគ្មានប្រាក់សងគេក៏មានការឈ្លោះប្រកែកគ្នាក្នុងបន្ទប់ជួល បន្ទាប់មកភាគីខាងស្រីបានខលវីដេអូឆាតតាមហ្វេសបុកទៅអ្នកសារពត៍មាន តែគាត់មិនដឹងថាអ្នកសារពត៍មានថតវីដេអូគាត់យកទៅបង្ហោះនោះទេ។

ជាចុងបញ្ចប់ភាគីទាំង០២ បានឯកភាពយល់ព្រមធ្វើការសម្របសម្រួលគ្នា ដោយធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នា ហើយភាគីខាងស្រីជួយចេញសងប្រាក់ចំនួន $៤០ ដើម្បីបញ្ចប់រឿង ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ