ករណីផ្ទុះអាវុធ ធ្វើអោយបាត់បង់ជីវិតមនុស្សម្នាក់នៅស្រុកអូរយ៉ាដាវ

តាមរបាយការណ៍របស់អធិការនគរបាលស្រុកអូរយ៉ាដាវបានអោយដឹងថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី មានករណីឃាតកម្មដោយប្រើប្រាស់អាវុធខ្លីឡុក នៅចំណុចចំការ ស្ថិតក្នុងភូមិគងយុគ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជនសង្ស័យមានឈ្មោះ លី ថេងជាង ភេទប្រុសអាយុ ៤៨ឆ្នាំ មុខរបរ យោធា មានស្រុកកំណើតនៅ ភូមិដំបូកឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម មានទីលំនៅបច្ចុប្បន្ន ភូមិ គងយុគ ឃុំ ប៉ាតេ ស្រុក អូរយ៉ាដាវខេត្តរតនគិរិ។

រីឯជនរងគ្រោះឈ្មោះ រឹម ចន្ថា ភេទប្រុសអាយុ៣៧ឆ្នាំ ជនជនខ្មែរ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ត្រូវបានជនសង្ស័យខាងលើ បាញ់ត្រូវចំឆ្អឹងជំនីខាងឆ្វេងចំនួន០២គ្រាប់ និងត្រូវចំភ្លៅខាងស្តាំចំនួន០១គ្រាប់ ហើយនិងកំភួនជើងស្តាំចំនួនមួយ សាច់ដុំដៃខាងឆ្វេងចំនួនមួយ បានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។

សូមបញ្ជាក់ផងដែរថា មូលហេតុដែលបង្កអោយមានការផ្ទុះអាវុធនេះកើតឡើងគឺដោយសារខឹងជនរងគ្រោះវាយបំបែកកញ្ចក់ឡានរបស់ខ្លួន។

ចំពោះវត្ថុតាងសមត្ថកិច្ចបានដកហូត អាវុធខ្លីម៉ាក្សCF98 មួយដើម សំបកកាទូសចំនួន០៦សំបក និងគ្រាប់មិនទាន់ផ្ទុះចំនួន០៤គ្រាប់ បង់ចំនួន០១ ។ ដោយឡែកជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវឃាត់ខ្លួន ហើយបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បី ចាត់ការតាមនីតិវិធី៕