ករណីបុរសម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កក្រុមហ៊ុន​ ទ្រីភាព នៅស្រុកអូរយ៉ាដាវ

យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកអូរយ៉ាដាវបានអោយដឹងថា បុរសម្នាក់មានឈ្មោះ កង សាមន ភេទប្រុស អាយុ៤៧ឆ្នាំ បានលួចរត់គេចខ្លួនបាត់ ពីមណ្ឌលចត្តាឡីស័កក្រុមហ៊ុន​ ទ្រីភាព នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បុរសខាងលើមានទីលំនៅភូមិព្រៃមាស ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលត្រូវបានកម្លាំងអធិការនគរបាលស្រុកបានយកមកធ្វើចត្តាឡីស័កនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រយៈពេល១៤ថ្ងៃ។ ប៉ុន្ដែមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ បុរសខាងលើមានសកម្មភាពប្លែកៗ និយាយមិនដឹងខុសត្រូវ ដូចមនុស្សមានសតិមិនគ្រប់ កម្លាំងអធិការនគរបាលស្រុក ក៏បាននាំខ្លួនបុរសខាងលើទៅអធិការដ្ឋានស្រុកអូរយ៉ាដាវ ដើម្បីធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា រួចបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិញ។ ហើយនៅក្នុងវេលាយប់ម៉ោង ២០:៣០នាទី ថ្ងៃទី២៣ ខែឆ្នាំដដែល បុរសខាងលើបានព្យាយាមរត់ចេញម្ដង តែមិនបានសម្រេច។ លុះដល់ម៉ោងប្រហែលម៉ោង៣ ទៅម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បុរសខាងលើក៏បានលួចរត់គេចខ្លួនទៅបាត់បានសម្រេច។

បច្ចុប្បន្នរដ្ឋបាលស្រុកបានធ្វើការជូនដំណឹងទៅរដ្ឋបាលឃុំបរខាំ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវ រកបុរសខាងលើមកធ្វើចត្តាឡីស័កវិញ។

សូមសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ មានភាពអំណត់អត់ធ្មត់ក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ ព្រោះដើម្បីប្រាកដថាខ្លួនយើងមាន ឬមិនមានជំងឺដ៏កាចសាហាវនេះ កុំអោយមានការឆ្លងដល់ក្រុមគ្រួសារ ក៏ដូចជាដល់សហគមន៍ទាំងមូល ដែលជាវិប្បដិសារីដ៏ធ្ងន់ធ្ងរ ក្នុងករណីដែលយើងមានផ្ទុកជំងឺនេះ៕