អង្គការសុខភាពពិភពលោកថា កម្ពុជានៅតែសង្ឃឹម បើទោះបីជាតួលេខក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា បង្ហាញពីស្ថានភាពជំងឺកូវីដ-១៩ ដ៏អាក្រក់ក៏ដោយ

(ភ្នំពេញ)៖ នៅ​ទូទាំង​ស​ក​ល លោក ​ចំនួន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ថ្មី​ ក្នុង​មួយ​ស​ប្តា​ហ៍​ បាន​កើនឡើង​ជិត​ទ្វេ​រ​ដង​ ក្នុងរយៈពេល​ពីរ​ខែ​កន្លងមក​នេះ​ ដែល​នេះ​កំពុង​ឈាន​ដល់​អត្រា​ឆ្លង​ខ្ពស់​បំផុត​មិនធ្លាប់​មាន​កន្លងមក​។ ខណៈនេះ​នៅ​កម្ពុជា​ មានការ​កើនឡើងគួរឲ្យកត់សម្គាល់​ នូវ​ករណី​ឆ្លង​ថ្មី​នៅក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​កន្លងមក​នេះ​ ដោយ​ក្នុង​នោះ​រយៈពេល ៧ថ្ងៃ​ចុងក្រោយ​នេះ​ ចំនួន​ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ-១៩ថ្មី​មមាន​ចន្លោះ​ពី២៩១ ទៅ៦៥៥នាក់​ក្នុងមួយថ្ងៃ​។

លោកស្រី​វេជ្ជបណ្ឌិត ​លី​ អៃឡាន ​តំណាង​អង្គការសុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍ថា ​“យើង​ដឹង​ថា​ វា​មិនទាន់​យឺត​ពេល​ទេ​ក្នុង​ការ​បង្វែរ​ស្ថានការណ៍ ឲ្យល្អ​ប្រសើរ​ឡើងវិញ​បាន​។ យើង​នៅតែ​មាន​សង្ឃឹម​ជានិច្ច​ ដរាបណា​កម្ពុជា​រួមគ្នា​ធ្វើសកម្មភាព​ជា​ធ្លុង​មួយ ​ជា​ប្រជាជាតិ​មួយ ​និង​សង្គម​តែមួយ​ ដែល​ប្តេ​ជ្ញា​ចិត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ-១៩ ដោយ​សាមគ្គីភាព​។

” ភស្តុតាង​ជា​សកល​នា​ពេល​បច្ចុប្បន្ន​នេះ​ បង្ហាញ​ថា​ ត្រូវ​មាន​ធាតុផ្សំ​សំខាន់​យ៉ាង ហោចណាស់​ចំនួន​បី​ ដើម្បី​អាច​ដោះស្រាយបញ្ហា​រាតត្បាត​នៃ​ជំងឺឆ្លង​មួយ​នេះ ​ប្រកបដោយ​ប្រសិទ្ធភាព​បាន​។ ទីមួយ ​គឺ​ថ្នាក់ដឹកនាំ​ ត្រូវតែ​បោះជំហាន​ទៅមុខ​ក្នុង​ការ សម្រេចចិត្ត​ និង​ដាក់ចេញ​នូវ​វិធានការ​ ហើយ​ទីពីរ​សង្គម​ទាំងមូល ​ត្រូវតែ​ចូលរួម​ និង​ទីបី​ពលរដ្ឋ​គ្រប់គ្នា ​ត្រូវ​ប្រកាន់ខ្ជាប់​អនុវត្ត​តាម​វិធានការ​សុខភាព​សាធារណៈ​ទាំងអស់ ​ដែល​ដាក់ចេញ​។

លោកស្រី​វេជ្ជបណ្ឌិត​ លី ​អៃឡាន​ បានមានប្រសាសន៍ថា​“នៅពេល​ដែល​សមាសធាតុ​ទាំងអស់​នេះ​រួមគ្នា​ គេ​អាច​បញ្ឈប់​កំណើន ​និង​កាត់បន្ថយ​ការ​ចម្លង​បាន​។ យើង​បាន​មើលឃើញ​ការដឹកនាំ​ដ៏​រឹងមាំ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត និង​ចាត់វិធានការ​ដ៏​លំបាក​ជាច្រើន​។ប៉ុន្តែ​ការដឹក នាំ​ដ៏​ខ្លាំងក្លា​តែមួយមុខ មិន ទាន់​គ្រប់គ្រាន់​ទេ​ គឺ​ចាំបាច់​ត្រូវ​មានការ​រួបរួមសាមគ្គី​គ្នារវាង​ស្ថាប័នរដ្ឋ ​វិស័យ​ឯកជន​ និង​ពលរដ្ឋ​គ្រប់ៗរូប​។ ការ​រួបរួម​គ្នា​នេះ​ ជា​គន្លឹះ​នាំ​ទៅដល់​ភាព​ជោគជ័យ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ-១៩ ។

” ជំងឺ​កូ​វី​ដ -១៩ មិនមែន​ជា​វិបត្តិ​សុខភាព​តែមួយមុខ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​គឺជា​វិបត្តិ សេដ្ឋកិច្ច​ និង​សង្គម​ផង​ដែរ​។ ហើយ​គោលដៅ​នៃ​វិធានការ​ឆ្លើយតប​ គឺ​មិន​ត្រឹមតែ​ដោះ ស្រាយបញ្ហា​ផ្នែក​សុខភាព​ប៉ុណ្ណោះទេ ​តែ​ត្រូវ​ការពារ​អនាគត​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។ប្រសិនបើ​យើង​ គ្រប់គ្រង​ស្ថាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​មិនបានទេ​នោះ ​វា​នឹង​មាន​ផលវិបាក​ផ្នែក​សុខភាព ​ក៏ដូចជា​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​។

លោកស្រី​វេជ្ជបណ្ឌិត ​លី​ អៃឡាន​ មានប្រសាសន៍​បន្ថែម​ថា​ “គ្មាន​ពេលណា​ ដែល​ទំនាក់ទំនង​រវាង​សុខភាព​ និង​សេដ្ឋកិច្ច​ ត្រូវ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ដូចជា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ហេតុដូច្នេះហើយ​ទើប​វិស័យ​ឯកជន​ជា​ដៃគូ​សំខាន់​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​គ្រប់ គ្រង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​។ ”

វីរុស​កូ​វី​ដ -១៩ រាលដាល​ងាយ​បំផុត​នៅកន្លែង ​ដែល​មាន​មនុស្ស​ច្រើន​កកកុញ​ និង​កន្លែង​បិទ​ជិត​ ដែល​មាន​មនុស្ស​នៅ​ជិតៗ​គ្នា​។ នៅ​កម្ពុជា​ កន្លែង​ទាំងនេះ​មាន​ដូច ជា ​នៅ​ក្លឹប​រាត្រី​ កន្លែង​សេវា​កម្សាន្ត​ផ្សេងៗ ​រោងចក្រ​ និង​ផ្សារ ​រួម​ទាំង​នៅ​តាម​អាជីវកម្ម​តូចៗ​ ការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ ​និង​នៅ​តាម​ភោជនីយដ្ឋាន​ផង​ដែរ​។

លោកស្រី​វេជ្ជបណ្ឌិត​ លី​ អែឡាន​ មានប្រសាសន៍ថា ​“ការ​ផ្ទុះឡើង​នូវ​ជំងឺ​នា​ពេល​បច្ចុប្បន្ន​ នៅ​តាម​រោង​ច្រក​ និង​ផ្សារ​នានា​ ជា​សារ​មួយ​ដ៏គួរឲ្យឈឺចាប់​ ដែល​រំលឹក​ប្រាប់​យើង​អំពី​សារៈសំខាន់​នៃ​ការ​ដាក់ចេញ​ និង​អនុវត្ត​វិធានការ​ក្នុ​ង​ការ កាត់បន្ថយ​ហានិភ័យឲ្យបាន​ មុន​ពេល​ដែល​មានការ​ផ្ទុះ​ណា មួយ​កើតឡើង​ដើម្បី​បញ្ចៀស​ការ​រីក​រាលដាល​នៃ​មេរោគ​។ ”

ភស្តុតាង​ ដែល​មាន​នៅ​ទូទាំង​ស​ក​លោក​ បាន​បង្ហាញ​ថា​ការ​ផ្លាស់​ប្តូ​រ​ ការអនុវត្ត​វិធានការ ​ដើម្បី​ត្រៀម​បង្ការ​ជាមុន​ និង​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ចម្លងរោគ​ អោយ​បាន​មុន​ការ​ផ្ទុះ​ជំងឺ​កើតឡើង​ គឺជា​វិធី​ការពារ​ដ៏​ប្រសើរ​បំផុត​។ វិធី​ការ​ការពារ​ទាំងនេះ​ អាច​បញ្ឈប់​វីរុស​ពី​ការ​រីក​រាល​កាន់តែ​ខ្លាំង ​និង​លែង​ត្រួតត្រា​បាន​។

លោកស្រី​វេជ្ជបណ្ឌិត ​លី​ អៃឡាន​ មានប្រសាសន៍ថា​“ ជាឧទាហរណ៍​នៅ​កម្ពុជា​ វិស័យ​កាត់ដេរ​វាយនភណ្ឌ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​។ វិស័យ​ឧស្សាហកម្ម​នេះ​ អាច​ការពារ​ខ្លួនឯង​ និង​កម្មករ​-និយោជិត​ពី​ជំងឺ​កូ​វី​ដ-១៩ បាន​តាមរយៈ​ ការ​ត្រៀម​បង្ការ​ជាបន្ទាន់​ទុកជាមុន​ ដោយ​សកម្ម​មុន​ពេល​មាន​ហេតុ​ការ​នៃ​ការ​ផ្ទុះឡើង​ នៃ​ជំងឺ​ណាមួយ​កើតឡើង​។ រោង​ច្រក​សហគ្រាស​ ដែល​មាន​សុវត្ថិភាព​ជាង​ពេល​បច្ចុប្បន្ន​នេះ​ មានន័យ​ស្មើនឹង​មាន​សេដ្ឋកិច្ច​មួយ​ ដែលមាន​សុវត្ថិភាព​ជាង​ពេលនេះ​ដែរ​។

” ម្ចាស់​រោងចក្រ ​និង​អ្នកគ្រប់គ្រង​ អាច​ដាក់ចេញ​នូវ​វិធានការ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ឆ្លង​ដូចជា​ រៀបចំឲ្យ មានការ​វាស់​កម្តៅ​ រៀបចំ​កន្លែងធ្វើការ​ ដើម្បីឲ្យមានការ​រក្សា​គម្លាត​ពី​គ្នា​ ធានាឲ្យមាន​កន្លែង​លាង​សម្អាត​ដៃ​គ្រប់គ្រាន់​ និង​រៀបចំឲ្យមាន​ពេលសម្រាក​ឆ្លាស់​វេន​គ្នា​ ដើម្បី​ចៀសវាង​មនុស្ស​ច្រើន​កកកុញ​។

ម្ចាស់​រោងចក្រ ​និង​អ្នកគ្រប់គ្រង​ ដើរ​តួនាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​ឆ្លើយតបទៅនឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ ដើម្បី​ទប់ស្កាត់ឲ្យបាន​ឆាប់រហ័ស ​តាមរយៈ​ការ​តាម​រក​អ្នក​ប៉ះពាល់​ និង​ដាក់​អ្នក​ដែល​សង្ស័យ​ថា​បាន​ឆ្លង​ជំងឺ ឲ្យនៅ​ដាច់ដោយឡែក​ពី​គេ ​ដើម្បី​កាត់បន្ថយ​ការ​ចម្លង​បន្ត​គ្នា​។

កម្មករ​-និយោជិត​ ក៏​មាន​តួនាទី​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​ ដោយ​សម្រាក​នៅផ្ទះ​ ប្រសិនបើ​ពួកគេ​ឈឺ​ ដោយ​ចៀសវាង​ទៅ​កន្លែង​មាន​មនុស្ស​កុះករ​ កន្លែង​បិទ​ជិត ​និង​មាន​មនុស្ស​នៅ​ជិតៗ​គ្នា​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​ត្រូវ​អនុវត្ត​ការ​ពាក់​ម៉ាស់​ អោយ​បាន​ត្រឹមត្រូវ​ លាង​សម្អាត​ដៃ​ញឹកញាប់​ និង​រក្សា​គម្លាត​ពី​គ្នា​។

មានតែ​ការ​រួម​បញ្ចូល​គ្នា​ នូវ​វិធានការ​ដោយ​ វិស័យ​ឧស្សាហកម្ម​ និង​ការ​ចូលរួម​អនុវត្ត​ ដោយ​បុគ្គល​និមួយៗ​គ្រប់ៗគ្នា​ទេ ​ទើប​អាច​បង្កើត​ជា​កម្លាំង​សមូហភាព​ខ្លាំងក្លា​ អាច​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ-១៩ បាន​។

លោកស្រី​វេជ្ជបណ្ឌិត ​លី​ អៃ​ឡាន​ បាមានប្រសាសន៍បន្ថែមថា​ គ្រប់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​វិស័យ​ឯកជន​ ក៏​អាច​ចេញ​វិធានការ​ស្រដៀងៗគ្នា​នេះ​ដែរ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លង​។ ការ​ប្រឈម​នឹង​ជំងឺ​កូ​វី​ដ-១៩ បាន​បង្ហាញឲ្យយើង​ដឹង​ថា ​ការ​វិនិយោគ​ក្នុង​ការរៀបចំឲ្យមាន​កន្លែងធ្វើការ​ប្រកបដោយ​សុវត្ថិភាព ​និង​សុខភាព​ល្អ​គឺជា​ការ​រួមចំណែក​អភិវឌ្ឍ ​និង​ការពារ​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​យ៉ាងសកម្ម​។

” នៅក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នេះ​ សុខភាព​ជា​សមូហភាព​របស់​យើង​ ពឹងផ្អែក​លើ​អាកប្បកិរិយា​របស់​បុគ្គល​ម្នាក់ៗ​ ជាង​ពេល​ណាៗ​ទាំងអស់​។ ការសម្រេចចិត្ត​ទ្រង់ទ្រាយ​តូច​ប្រចាំថ្ងៃ​ ធ្វើឡើង​ជា​លក្ខណៈ​បុគ្គល​ដូចជា ​ការសម្រេច​ថា​ កន្លែងណា​គួរ​ ឬ​មិន​គួរ​ទៅ​ទិញទំនិញ​ នៅពេល​ណា​គួរ​ទៅ​ធ្វើការ​ហាក់ដូចជា​មិន​មានគ្រោះថ្នាក់ ​និង​ធំដុំ​អ្វី​ទេ ​ប៉ុន្តែ​នៅពេល​ដែល​សកម្មភាព​តូចៗ​ទាំងនេះ​ច្រើន​ ប្រមូល​ផ្តុំគ្នា​ទូទាំង​ប្រទេស​នោះ​ វា​ទៅ​ជា​បណ្ដុំ​នៃ​សេចក្តី​សម្រេចចិត្ត ​ដែល​អាច​កំណត់​អំពី​ជោគជ័យ​ ឬ​បរាជ័យ​របស់​ប្រទេស​មួយ​ក្នុង​ការត្រួតត្រា​ ដើម្បី​បញ្ឈប់​ការ​ចម្លង​នៃ​វីរុស​មួយ​នេះ​បាន​។

លោកស្រី​វេជ្ជបណ្ឌិត ​បន្តថា​ នៅពេលដែល​គ្រប់​ផ្នែក​នៃ​សង្គម​មួយ ដោយ​រាប់​ចាប់តាំងពី​ស្ថាប័នរដ្ឋ ​រហូតដល់​វិស័យ​ឯកជន​ផ្សេងៗ​ និង​តាំងពី​រដ្ឋបាល​គ្រប់​ថ្នាក់​ រហូតដល់​បុគ្គល​ម្នាក់ៗ​ ធ្វើការ​រួមគ្នា​ជា​ធ្លុងមួយ​ ដោយ​ផ្តោ​ត​ជា​សំខាន់​លើ​ការគ្រប់គ្រង​ការ​ផ្ទុះឡើង​នៃ​ជំងឺនេះ ឲ្យបាន​នោះ​ នោះ​សមិទ្ធផល​រួម​ ដែលទទួល​បាន ​នឹង​មាន​ទំហំ​ធំធេង​។ ដូច្នេះហើយ​បុគ្គល​គ្រប់រូប​ គ្រប់​ទីកន្លែង​ ត្រូវតែ​ចូលរួម​ចំណែក​ ធ្វើ​តួនាទី​របស់​ខ្លួន​គ្រប់គ្នាៗ ។ គ្រប់គ្នា ​ត្រូវ​ចូលរួម​ធ្វើសកម្មភាព​នៅ​ថ្ងៃនេះ​ ដើម្បី​ចៀសវាង​វិ​ប្ប​សារី​នៅ​ថ្ងៃស្អែក​៕