គណៈកម្មការអឺរ៉ុបដាក់ពាក្យប្តឹងក្រុមហ៊ុន AstraZeneca ជុំវិញបញ្ហាកង្វះការផ្គត់ផ្គង់វ៉ាក់សាំងទៅឲ្យបណ្តាប្រទេសសមាជិករបស់ខ្លួន

(អឺរ៉ុប)៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃចន្ទនេះបាននិយាយថា ខ្លួនបានចាត់វិធានការតាមច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថ AstraZeneca ជុំវិញបញ្ហាកង្វះការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងនៅទូទាំងប្លុកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១។

អ្នកនាំពាក្យសហភាពអឺរ៉ុបលោក Stefan De Keersmaecker បាននិយាយដូច្នេះថា «គណៈកម្មការបានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន AstraZeneca កាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយឈរលើមូលដ្ឋាន នៃការរំលោភលើកិច្ចព្រមព្រៀងទិញកម្រិតខ្ពស់»។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា «លក្ខខណ្ឌមួយចំនួន នៃកិច្ចព្រមព្រៀងមិនត្រូវបានគោរពទេ ហើយក្រុមហ៊ុនក៏មិនមានជំហរក្នុងការបង្កើតនូវយុទ្ធសាស្រ្តដែលអាចទុកចិត្តបាន ដើម្បីធានាឲ្យបាននូវការផ្តល់ជូនបានទាន់ពេលវេលានោះទេ»។

លោក De Keersmaecker បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើងដោយនាយកប្រតិបត្តិសហភាពអ៊ឺរ៉ុប «ក្នុងនាមរដ្ឋទាំង២៧ ជាសមាជិក ដែលបានគាំទ្រយ៉ាងពេញលេញក្នុងការគាំទ្រនីតិវិធីនេះ»។ លោកបន្តថា អ្វីដែលសំខាន់ចំពោះសហភាពអឺរ៉ុបក្នុងករណីនេះ គឺចង់ឲ្យមានការធានាថា មានការចែកចាយចំនួនដូសយ៉ាងគ្រប់គ្រាន់ដែលពលរដ្ឋអឺរ៉ុបមានសិទ្ធិទទួលបាន ដោយយោងទៅលើមូលដ្ឋាន នៃកិច្ចព្រមព្រៀង។

ចំណែកឯក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca បានច្រានចោលចំពោះវិធានការច្បាប់នេះ ដោយបានពិពណ៌នាថា «គ្មានមូលដ្ឋាន»។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុននេះបាននិយាយថា «ក្រុមហ៊ុន AstraZeneca បានអនុវត្តយ៉ាងពេញលេញជាមួយនឹងកិច្ចព្រមព្រៀងស្តីពីការទិញទុកជាមុនជាមួយគណៈកម្មការអឺរ៉ុប ហើយយើងនឹងការពារខ្លួនយ៉ាងរឹងមាំនៅក្នុងតុលាការ»។

គួរជម្រាបថា គណៈកម្មការអឺរ៉ុប និងក្រុមហ៊ុនបានឈានដល់ជម្លោះមួយជុំវិញកង្វះខាតការផ្គត់ផ្គង់ដ៏ច្រើន ដែលរារាំងដល់កិច្ចប្រឹងប្រែងនៅដំណាក់កាលដំបូង នៃប្លុកនេះក្នុងការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន៕