សមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនជាតិថៃ៧នាក់ មកស្រុកខ្មែរអត់ច្បាប់ និងបំរុងឆ្លងដែនទៅប្រទេសថៃវិញ

ជនជាតិថៃចំនួន៧នាក់ មកស្រុកខ្មែរគ្មានឯកសារគ្រប់គ្រាន់ហើយ បម្រុងលួចឆ្លងដែនទៅប្រទេសថៃវិញ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឈរជើងតាមខ្សែបន្ទាត់ព្រំកម្ពុជា-ថៃ ឃាត់ខ្លួន កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ នៅចំណុចនិយាមការ lN១៩៦០.០២១២៧០១.១៤៩៩៣៣២ ស្ថិតក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កម្លាំងចម្រុះបានប្រាប់ឲ្យដឹងថា ជនជាតិថៃទាំង៧នាក់ ក្រោយពីសមត្ថកិច្ចសួរនាំ ពួកគាត់បានប្រាប់ឲ្យដឹងថា ពួកគាត់មកពីខេត្តឈៀងរ៉ាយ ប្រទេសថៃ មកស្នាក់នៅក្រុងប៉ោយប៉ែតរយៈពេល១សប្តាហ៍ហើយ ដើម្បីធ្វើការងារ បន្ទាប់មកត្រឡប់ទៅប្រទេសថៃវិញក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

បន្ទាប់ពីធ្វើការសាកសួរកម្លាំងសមត្ថកិច្ចចម្រុះ បានប្រគល់ពួកគាត់ជូនផ្នែកជំនាញនៃអធិការដ្ឋានស្រុកម៉ាឡៃដើម្បីបន្តនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ