រន្ទះបាញ់គ្មានភ្លៀងនៅកំពង់ចាម បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់

កំពងចាម÷ ថ្ងៃទី២៧.៤.២០២១ វេលាម៉ោង១៥:៤១នាទី សមត្ថកិច្ចនគរបាលយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថាៈ មានករណីគ្រោះធម្មជាតិ (រន្ទះបាញ់) នៅចំណុចភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឲ្យស្លាប់មនុស្ស០១នាក់ និងរងរបួស០១នាក់ ជាអ្នកធ្វើដំណើរដោយជិះម៉ូតូឌុបគ្នា÷

១.ឈ្មោះ ឈុន រ៉ាវី ភេទស្រី អាយុ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ធ្វើសំណង់អ្នកឌុប (ស្លាប់)។

២.ឈ្មោះ ស៊ុន វ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ អ្នករួមដំណើរ (រងរបួសទៅព្យាបាលនៅមន្ទីពេទ្យ) ទាំង០២នាក់រស់នៅភូមិត្រពាំងត្រស់ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលបានព័ត៌មាន និងដំណឹងភ្លាមកម្លាំងសមត្ថកិច្ចនគរបាលយើងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជាបន្ទាន់ ចុះដល់កន្លែងកើតហេតុបង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព និង ផ្អែកតាមការបំភ្លឺរបស់ឈ្មោះ ស៊ិន បុប្ផា ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាអ្នកដូរក្បែរកន្លែងកើតហេតុ

បានឲ្យដឹងថាៈ នៅថ្ងៃទី២៧.៤.២០២១ វេលាម៉ោង០៧:៣០នាទី ខ្លួនបានចេញពីផ្ទះរបស់ខ្លួនមកលក់ផ្លែឪឡឹក នៅចំណុចក្បាលវាលវង់ប្រលានយន្តហោះ ស្ថិតក្នុងភូមិវាលខ្សាច់ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម រហូតដល់វេលាម៉ោង១៥:៤១នាទី ក៏មានគ្រោះធម្មជាតិរន្ទះបាញ់ចំនួន០១គ្រាប់ នៅក្បែរកន្លែងខ្លួនលក់ តែមិនមានភ្លៀងធ្លាក់ទេ ភ្លាមនោះខ្លួនបានក្រឡេកមើលឃើញអ្នកជិះម៉ូតូឌុបគ្នាចំនួន០២នាក់បានដួល ពេលនោះខ្លួន និងអ្នកធ្វើដំណើរតាមផ្លូវ បាននាំគ្នាទៅមើលស្រាប់តែឃើញមនុស្សស្រីម្នាក់ស្លាប់ និងម្នាក់ទៀតជាមនុស្សប្រុសដេកសន្លប់ ដោយសាររន្ទះបាញ់ ខ្លួនមិនស្គាល់ឈ្មោះ បន្ទាប់មកក៏មានមនុស្សម្នាក់ខ្លួនមិនស្គាល់ឈ្មោះ ជាប្តីរបស់មនុស្សស្រីដែលស្លាប់មកដល់ ហើយយំអោបសាកសព។

ក្រោយមកសមត្ថកិច្ចនគរបាលក៏បានមកដល់កន្លែងកើតហេតុតែម្តង ។ ក្រោយពីគណៈកម្មការត្រួតពិនិត្យសាកសពរួចធ្វការសន្និដ្ឋានបានថាករណីនេះមិនជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ៕