“តំបន់ក្រហម” នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត កាន់តែរីកធំ នឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុង

ក្រោយពីមានឃើញករណីឆ្លងកូវីដ-១៩ លើបុរសជនជាតិ ឥណ្ឌូនេស៊ីម្នាក់កាលពីយប់ថ្ងៃទី២២ ខែមេសា កន្លងទៅ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ទាំងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យជួរមុខ បានខំខិតយ៉ាងសស្រាក់សស្រាំ ទាំងយប់ទាំងថ្ងៃ ក្នុងការពិនិតយ្យយកសំណាក់អ្នកពាក់ព័ន្ធ រកជម្ងឺកូវីដ-១៩ ព្រមទាំងមានការបិទភូមិសាស្ត្រក្រុងប៉ោយប៉ែត ស្ទេីតែទាំងស្រុង។

លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឲ្យនៅថ្ងៃទី២៧ ខែមេសានេះ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៣-២៦ ខែមេសា ឆ្នាំ២០២១ ក្រុមការងារមន្រ្តីសុខាភិបាលជួរមុខ បានស្រាវជ្រាវ រកអ្នកប៉ះពាល់ផ្ទាល់ និងអ្នកប្រយោល និង បានយកសំណាកពិនិត្យដោយ(Rapid test) ដើម្បីវិភាគរកវីរុសកូវីដ-១៩ បានចំនួន១១៨៣សំណាក ស្រីចំនួន៣៦០ ហើយលទ្ធផល ផ្លូវការ មានវិជ្ជមាន( + )កូវីដ-១៩ មានចំនួន៩៨នាក់ ស្រី១៩នាក់ ។
លោកបានបន្ត ក្រុមការងារកំពុងបន្តការចុះស្រាវជ្រាវជាបន្តបន្ទាប់ទៀត និងសូមឲ្យបុគ្គលទាំងឡាយ ដែលមានការសង្ស័យ ឬទទួលពត៌មាន បានប៉ះពាល់ផ្ទាល់ជាអ្នកវិជ្ជមានកូវីដ ១៩ ត្រូវទៅយកវត្ថុសំណាក និងត្រូវធ្វើ ចត្តាឡីស័ក ចំនួន ១៤ថ្ងៃ និងអនុវត្តវិធានការសុខាភិបាល។
តំបន់ក្រហមឬតំបន់បិទខ្ទប់ដែលហាមចេញ-ចូល (សង្ស័យឆ្លងមេរោគកូវីត១៩) នៅក្រុងប៉ោយប៉ែត បានរីកកាន់តែធំ ហើយនឹងឈានទៅពេញផ្ទៃភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដែលមានចំនួន៣សង្កាត់ ។
រដ្ឋបាលខេត្តបន្ទាយមាជ័យបានសម្រេចបិទខ្ទប់បន្ថែមទៀតលើផ្ទៃភូមិសាស្ត្រសម្រាប់ការធ្វើដំណើរចេញ ចូលលើទីតាំងទាំងស្រុងក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែតនិងទីតាំង១ផ្នែកនៃសង្កាត់ផ្សារណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលនឹងអាចឈានទៅបិទខ្ទប់ទាំងស្រុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។
ចំពោះពលរដ្ឋ និងអ្នកទាំងឡាយណា រាប់ទាំងជនបរទេសផងជាង៧ម៉ឺននាក់រស់នៅក្រុងនេះ ក៏នឹងបិទមិនអោយចេញក្រៅ ។
ឯអ្នកពីខាងក្រៅក៏មិនអោយចូលទៅក្រុងនេះដែរ ។
ទន្ទឹមជាមួយគ្នានោះ នៅថ្ងៃទី២៦ ខែមេសា រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានចេញសម្រេចស្ដីពី ការអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ការដាក់ចេញនូវវិធានការរដ្ឋបាលជាបណ្ដោះអាសន្ននេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូដ-១៩ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដែលរយៈពេល២ សប្តាហ៍ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។
ជាមួយនឹងការផ្អាកជាបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ឆ្លងកាត់ ភូមិសាស្រ្តក្រុងប៉ោយប៉ែតចាប់ពីម៉ោង ២០ យប់ ដល់ ម៉ោង៥ព្រឹក ជាកំហិត លើកលែងតែចំពោះករណីខាងក្រោម ៖
-ការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ
-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត
-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គីភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន ឬអង្គភាព
-ដែលចរាចរណ៍របស់រថយន្តកុងតឺន័រ រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តបាញ់បេតុង យន្តទៅដឹកជញ្ជូនសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្រ្ត
-ដំណើរចាំបាច់ផ្សេងៗដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ