អ្នករើសអេតចាយ ៣នាក់ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាបឃាត់ខ្លួនករណីលួចកាត់ខ្សែភ្លើង

ក្រុងសៀមរាប÷ កាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ជនសង្ស័យជាអ្នករើសអេតចាយចំនួន០៣នាក់ បែកគំនិត លួចកាត់បណ្តាញខ្សែភ្លើងរបស់មន្រ្តីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាប បានជាក់ស្តែង ។

លោកវរសេនីយ៍ទោ ដា ចំរើន បានដឹកនាំកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក រួមទាំងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរមន្រ្តីអគ្គិសនីសៀមរាប ។ លោកបន្តថា ជនសង្ស័យទាំង០៣នាក់ រួមមាន៖
១.ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ រើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ ២១ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង) ។ វត្ថុតាង៖
-ស្ពាន់ខ្សែភ្លើងចំនួន ០៨កំណាត់
-សំបកខ្សែភ្លើងចំនួន ០៦ដុំ
-កាំបិតចិតបន្លែចំនួន ១២ដើម
-កាំបិតប៉័ងតោ ចំនួន ០៣ដើម
-ដាវកែច្នៃ ចំនួន ០៣ដើម
-កាំបិតព្រាចំនួន ០២ដើម
-ញញួរចំនួន ០២ដើម
-កន្ត្រៃចំនួន ០៣

ក្នុងនោះដែលជនសង្ស័យទាំង ០៣នាក់ តេស្តរកសារធាតុញៀនគឺ វិជ្ជមាន (+) ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕