រណារយន្ត៣គ្រឿង, ឧបករណ៍ឆក់ត្រី១ និងអាគុយ១ ត្រូវបានដកហូត និងមនុស្ស៣នាក់ត្រូវបានអប់រំណែនាំក្នុងប្រតិបត្តិការចុះល្បាតរបស់ឧទ្យានុរក្ស

ខេត្តមណ្ឌលគិរី៖ នៅក្នុងសប្ដាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការឡៅការ និងស្នាក់ការមេម៉ង់ នៃដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ និងគាំទ្រដោយអង្គការ WWF បានចុះល្បាតក្នុងភូមិសាស្រ្តតំបន់ស្នូល និងតំបន់អភិរក្ស នៃដែនជម្រកសត្វព្រៃភ្នំព្រេច ហើយបានដកហូតរណារយន្តសរុប៣គ្រឿង, ឧបករណ៍ឆក់ត្រី១, អាគុយ១ និងអប់រំណែនាំមនុស្ស៣នាក់ ស្មើ២ករណី កុំឲ្យប្រព្រឹត្តបទល្មើស រួចឲ្យវិលត្រលប់ទៅផ្ទះវិញ។

ក្នុងប្រតិបត្តិការនេះមន្រ្តីឧទ្យានុរក្សបានចុះល្បាតដល់ចំណុចដៃអូរកាឡក់ ស្ថិតនៅភូមិចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជួបមនុស្ស២នាក់ កំពុងដឹករណារយន្តចូលក្នុងតំបន់ការពារធម្មជាតិក្នុងគោលបំណងអារជ្រៀកឈើ ក្រុមការងារក៏បានដកហូតយកមករក្សាទុកនៅស្នាក់ការឡៅការ ហើយបានអប់រំណែនាំរួចឲ្យវិលត្រលប់ទៅផ្ទះវិញ។

ក្នុងប្រតិបត្តិការដដែល ក្រុមការងារបានចុះល្បាតដល់ចំណុច អូរកាតោះ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា បានជួបប្រជាពលរដ្ឋម្នាក់ កំពុងជិះម៉ូតូ១គ្រឿង ផ្ទុកឧបករណ៍ឆក់ត្រីចំនួន១ និងអាគុយចំនួន១។ ករណីនេះ មន្រ្តីឧទ្យានុរក្សបានអប់រំណែនាំ ហើយដកហូតវត្ថុតាង រួចឲ្យវិលត្រលប់ទៅផ្ទះវិញ។ នៅថ្ងៃដដែល ក្រុមការងារបានបន្តល្បាតដល់ចំណុចអូរច្បារអន្លូងឈើទាល ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រទះឃើញជនសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពអារជ្រៀកឈើដោយម៉ាស៊ីនរណារយន្ត ខណៈនោះជនប្រព្រឹត្តបានរត់គេចខ្លួនបាត់។

វត្ថុតាងទាំងអស់ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ប្រមូលយកមករក្សាទុកនៅស្នាក់ការបរិស្ថាន ហើយបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ការពារធម្មជាតិ មេត្តាចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះឲ្យបានគង់វង្ស និងនិរន្តរភាព៕