រដ្ឋាភិបាលចិន ផ្ដល់ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ ប្រអប់ ដល់រាជរដ្ឋាភិបាលកម្ពុជា

ឱសថបុរាណចិន Lianhua Qingwen ចំនួន ៨៨ ០០០ ប្រអប់ ដែលជាជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ត្រូវបានប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល ដែលពិធីប្រគល់-ទទួលជំនួយជាឱសថបុរាណនេះ ត្រូវបានធ្វើឡើងដោយមានការចូលរួម របស់ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យសុខាភិបាលបានទទួលនូវជំនួយឥតសំណងយ៉ាងច្រើនឥតគណនា និយាយជារួម និងការជួយឧបត្ថម្ភគាំទ្រ ក្នុងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងបច្ចេកទេស ថវិកា និងឧបករណ៍សម្ភារ បរិក្ខារវេជ្ជសាស្ត្ររួមទាំងវ៉ាក់បង្ការជំងឺកូវីដ-១៩ និយាយដោយឡែក។

ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិនជាពិសេស ឯកឧត្ដម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែសម្របសម្រួល ក្នុងការផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ដល់សភាពាណិជ្ជកម្មចិននៅកម្ពុជា ចំពោះការផ្តល់អំណោយមនុស្សធម៌ជា ឱសថបុរាណចិន Lianhua Qingwen Capsules ដល់ក្រសួងសុខាភិបាល នាពេលនេះ៕

ប្រភព÷ AKP