អាជ្ញាធរនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន កោះហៅសន្តិសុខម្នាក់ មកអប់រំពាក់ព័ន្ធករណីហិង្សាលើអ្នកលក់បន្លែ

ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាពសន្តិសុខឯកជនម្នាក់បានប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋជាអាជីវករលក់បន្លែ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់មន្ត្រីជំនាញ នៃនាយកដ្ឋានធ្វើការស្រាវជ្រាវ ស៊ើបបញ្ជាក់ និងសូមបំភ្លឺជូនដូចខាងក្រោម÷

កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ឈ្មោះ ដូង ពុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ សន្តិសុខរបស់ក្រុមហ៊ុន PPCC ទីលំនៅបច្ចុប្បន្ន ភូមិទទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម បានធ្វើសកម្មភាពហឹង្សាទៅលើប្រជាពលរដ្ឋដែលជាអ្នកលក់បន្លែ នៅចំនុចបរិវេណក្រុមហ៊ុនស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មន្ត្រីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សហការជាមួយកម្លាំងស្នងការដ្ឋានលនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ដូង ពុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ដើម្បីធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច សន្តិសុខឯកជនរូបនេះបានបំភ្លឺថា គឺពិតជាមានករណីប្រព្រឹត្តអំពើហឹង្សាជាមួយប្រជាពលរដ្ឋជាអ្នកលក់បន្លែចល័តនោះពិតប្រាកដមែន។ សន្តិសុខរូបនេះបានបញ្ជាក់បន្ថែមថា មុនឈានដល់ប្រព្រឹត្តិសកម្មភាពហឹង្សា ខ្លួនបានហាមឃាត់អាជីវករលក់បន្លែចល័ត មិនឲ្យចូលលក់នៅក្នុងបរិវេនបឹងកក់ដែលជាតំបន់ហាមឃាត់ និងប៉ះពាល់ដល់បរិវេណឃ្លាំងទំនិញដែលខ្លួនកំពុងយាមនោះផង ប៉ុន្តែអាជីវកររូបនោះមិនស្តាប់ នៅតែចចេសបន្តចូលលក់ ទើបឈានដល់ហឹង្សាវាយប្រតប់គ្នាតែម្តង ប៉ុន្តែមិនបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរនោះទេ។ បន្ទាប់ពីកើតហេតុរួច អាជីវករលក់បន្លែបានធ្វើដំណើរចាកចេញពីកន្លែងកើតហេតុដោយពុំមានការប្តឹងផ្ដល់គ្នាទៅវិញទៅមកនោះឡើយ។

ក្រោយពីការសាកសួររួច មន្ត្រីជំនាញរបស់នាយកដ្ឋាន និងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តអំពើរហឹង្សាលើប្រជាពលរដ្ឋបន្តទៀត ៕