ផ្សារត្រាំនាគ នៅតែបន្តដំណើរការ លក់ដូរបន្លែត្រីសាច់ ជាធម្មតា

នៅថ្ងៃទី៣០ ខែមេសាឆ្នាំ២០២១នេះ លោក​ ខៀវ​ សត​ ចៅសង្កាត់ស្លក្រាម បានដឹកនាំក្រុមការងារ ចុះណែនាំ និងត្រួតពិនិត្យ ការអនុវត្តកាតព្វកិច្ច ពាក់ម៉ាស និងរក្សាគម្លាត​ របស់បងប្អូនអាជីវករ ព្រមទាំងអ្នកចេញចូលក្នុង ផ្សារត្រាំនាគ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដើម្បីរួមគ្នា ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងតែ រាតត្បាត។

ក្រុមការងារដែលដឹកនាំដោយលោកចៅសង្កាត់បានធ្វើការរៀបចំច្រកចេញចូលដោយតម្រូវអោយកំណត់ចំនួនមនុស្សដើម្បីរក្សាគម្លាត មានឧបករណ៍ស្ទង់កំដៅលើខ្លួនអ្នកចេញចូល និង តម្រូវអោយពាក់ម៉ាស រៀបចំគម្លាតទីតាំងសម្រាប់ម្ចាស់ទីតាំងដាក់តាំងទំនិញលក់ ផ្សព្វផ្សាយពីវិធានការ ៣កុំ ៣ការពារ ដើម្បីជាការក្រើនរលឹក ក្នុងគោលបំណងបំផុសស្មារតី ទប់ ស្កាត់ ការរីករាលដាលកូវីដ-១៩ កុំអោយឆ្លងចូលក្នុងសហគមន៍យើងបន្ថែមទៀត ជាពិសេសត្រូវចេះជួយគ្នាដោយមិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃទំនិញឡើយ ។

ជាការពិតណាស់ក្នុងជីវភាពប្រចាំថ្ងៃ តម្រូវការចាំបាច់បំផុត គឺគ្រឿងឧបភោគបរិភោគ ដូចនេះទាំងអាជីវករ និងអ្នកចេញចូលក្នុងផ្សារទាំងអស់ត្រូវចូលរួមសហការណ៍អនុវត្តន៍ និងរំលឹកគ្នាទៅវិញទៅមក ដើម្បីកុំអោយមានករណីឆ្លងបន្ត ជាចំណែកធ្វើអោយគ្រប់យ៉ាងឆាប់វិលត្រឡប់មកជាធម្មតាឡើងវិញ ដូចមុនពេលដែលប្រទេសជាតិនិងភូមិសង្កាត់យើង គ្មានកូវិដ១៩ដូចច្នេះដែរ៕