រដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវ ឆ្នាំ២០២១ ជូនឯកឧត្តម ឈាង វុន

រដ្ឋាភិបាលប្រទេសជប៉ុនបានផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ជូនចំពោះ ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ជប៉ុន។

ទីស្តីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការពីការផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះ ជូនឯកឧត្តម ឈាង វុន។ គ្រឿងឥស្សរិយយសនិទាឃរដូវ “The Order of the Rising Sun, Gold and Silver Star” ជាឥស្សរិយយសដែលរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់ជូនឥស្សរជនបរទេស ជាបុគ្គលមានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ ឬបម្រើសង្គមរបស់ឥស្សរជនទាំងនោះ និងជាការសម្តែងនូវការគោរព និងកោតសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលឆ្នើមទាំងនោះក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។

បន្ទាប់ពីទទួលបានដំណឹងដ៏រីករាយនេះ ស្ថានទូតជប៉ុនប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម ឈាង វុន។ ជាមួយក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូន ឯកឧត្តម ឈាង វុន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតនោះថា គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold and Silver Star” ត្រូវប្រគល់ជូនដើម្បីជាការតបស្នង និងទទួលស្គាល់ការចូលរួមវិភាគទានរបស់ ឯកឧត្ដម ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងកិច្ចប្រឹងប្រែងរបស់ឯកឧត្តមនៅក្នុងការលើកកម្ពស់ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក រវាងសមាជិកសភានៃប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម MOTEGI Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន មានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងក៏បានផ្ញើសារជូនពរ និងអបរសាទរជូនចំពោះ ឯកឧត្តម ឈាង វុន ផងដែរ។

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា នឹងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមរួមគ្នាជាមួយ ឯកឧត្តម ឈាង វុន បន្តទៀត ប្រកបដោយភាពជិតស្និទ្ធជាទីបំផុត ដើម្បីពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ក៏ដូចជាចំណងមិត្តភាពជាប្រពៃណីរវាងជប៉ុន និងកម្ពុជាបន្ថែមទៀត៕