កំលាំងនគរបាលឃាត់ខ្លួនមនុស្ស ៨នាក់ បំពានវិធានការសុខាភិបាលនិងមិនអនុវត្ដវិធានរដ្ឋបាល ដោយបានជួបជុំគ្នាលេងល្បែងស៊ីសង

កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយ វរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទងបានប្រតិបតិ្ដការបង្រ្កាប និងឃាត់មនុស្ស ៨នាក់ មិនគោរពវិធានការដ្ឋបាល បំពានវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីត-១៩នៅថ្ងៃ២៩ ខែមេសា ឆ្នាំ២០២១ ។

ដោយនាំគ្នាប្រមូលផ្ដុំលេងល្បែង( អាប៉ោង ) នៅក្នុងដីចំការស្វាយខាងលិច ភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ដីចំការស្វាយខាងលើជាកម្មសិទ្ធិរបស់ឈ្មោះ ចឹក ទ្រី ប្រុស អាយុ៥៥ឆ្នាំ មានអាសយដ្ឋាន នៅរាជធានី ភ្នំពេញ ( តាមការបញ្ជាក់ ពីលោកមេភូមិ ) បច្ចុប្បន្នជួលឱ្យឈ្មោះ នៅ ណាឃីន ប្រុស អាយុ២៥ឆ្នាំ នៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ម៉ៅយកផលផ្លែស្វាយ ។ វត្ថុតាងដកហូបានរួមមាន ៖

មេអាប៉ោង ៧ ចានអាប៉ោង១ គំរបអាប៉ោង១ តេឡេបញ្ជា១ កំរាលអាប៉ោង១ ប៊ិច ៧ដើម សៀវភៅកត់បុង ៧ក្បាល តង់ប្រក់១ កៅអីជ័រ ៥ ប្រាក់រៀលចំនួន ២.២០០.០០០ រៀល (ពីរលានម្ភៃម៉ឺនរៀល) ទូរស័ព្ទ ០៣គ្រឿង ម៉ូតូ ៤គ្រឿង និងរថយន្តចំនួន ២គ្រឿង ។

អនុវត្ដតាមវិធានការសុខាភិបាល និងការចង្អុលណែនាំរបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានស្នើសុំឱ្យក្រុមការងារមន្ឌីរពេទ្យខេត្តកំពង់ស្ពឺ ធ្វើតេស្តយកសំណាករហ័ស មុនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់ រួមជាមួយវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចំណាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ