ជនសង្ស័យជាប្តី ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពសម្លាប់ប្រពន្ធរួចយកទៅដុតចោលក្នុងចំការ

ផ្អែកតាមសេចក្តីរាយការណ៍បឋមរបស់ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាប់សង្ស័យប្រព្រឹត្តករណីឃាតកម្មកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១.១០នាទី នៅចំណុចផ្ទះរបស់ខ្លួនភូមិខ្នាក្រៅ ឃុំកន្ទួតស្រុក ស្វាយលើ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ លី កូលាប (ត្រូវជាប្រពន្ធ) អាយុ៣៦ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតលើប្រពន្ធខ្លួនឯងពិតប្រាកដមែន។ ជនសង្ស័យបានបញ្ជាក់បន្ថែមថា ខ្លួនបានច្របាច់កជនរងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ហើយអូសសពទៅដាក់ក្បែរទ្រុងជ្រូក ដោយយកកៅស៊ូតង់ពណ៌ខៀវគ្របពីលើសាកសព មិនអោយអ្នកណាដឹងនោះឡើយ។ លុះដល់វេលាម៉ោង០៤.០០នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានដឹកសាកសពដោយគោយន្តកន្រ្តៃ យកទៅដុតចោលនៅចំនុចដីចំការរបស់ខ្លួន។

មូលហេតុគឺបណ្តាលមកពីឈ្លោះប្រកែកគ្នា ដោយហាមប្រពន្ធមិនឲ្យលក់ដី និងខ្លាចប្រពន្ធយកលុយទៅលេងល្បែងអស់។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមច្បាប់៕