ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការបំភ្លឺព័ត៌មាន​ទាក់ទងទៅនឹងបុគ្គលម្នាក់ដែលក្លែងបន្លំជាបុគ្គលិក​ Foodpanda

ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ សូមធ្វេីការបំភ្លឺព័ត៌មាន​ ទាក់ទងទៅនឹងបុគ្គលម្នាក់ដែលក្លែងបន្លំជាបុគ្គលិក​ Foodpanda។

កាលពីថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២១​ វេលាម៉ោង ០៩:៣០នាទី​ ឈ្មោះ ជាប​ វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន Foodpanda បានប្រទះឃើញឈ្មោះ សុខ​ហាំងលាង ភេទប្រុស អាយុ៣១ឆ្នាំ​ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១​ ផ្លូវជាតិលេខ៥​ ភូមិទួលគោក សង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ បាន ជិះម៉ូតូដឹកសម្ភារ: ដោយយកធុងរូបខ្លាឃ្មុំ ពណ៏ផ្កាឈូក របស់ក្រុមហ៊ុន Foodpanda ហើយអត់មានពាក់កាត​ និងឯកសណ្ឋានរបស់ក្រុមហ៊ុន​ ។

ដោយមានកាសង្ស័យ​ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុន​ គាត់ក៏បានជិះម៉ូតូដេញតាម​ តាំងពីម្ដុំផ្សារដើមគ​ រហូតមកដល់ចំណុចកើតហេតុ​ ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ក្រុមទី៣៥​ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ពេលនោះសមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលផ្សារដើមថ្កូវបានចុះទៅដល់​ទីតាំង ហើយក៏បាននាំយកភាគីទាំងពីរមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំ ។

ពេលមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ភាគីខាងក្រុមហ៊ុនFoodpanda បានធ្វើលិខិតសំណូមពរមកសមត្ថកិច្ចដោយមិនធ្វើការប្ដឹងផ្ដល់ទៅលើឈ្មោះ សុខ​ ហាំងលាង​ ទេ គ្រាន់តែសូមឲ្យសមត្ថកិច្ចធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា​ ក្រោយធ្វេីការណែនាំ​ អប់រំ​ និងធ្វេីកិច្ចសន្យារួច​ សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុគ្គលដែលក្លែងបន្លំជាបុគ្គលិក​ Foodpanda វិលទៅគេហដ្ឋានវិញ នឹងបានដកហូតសម្ភារ:សំបកធុង Foodpanda ដេីម្បីប្រគល់ជូនខាងភាគីក្រុមហ៊ុនវិញ ៕