ការព្យាបាលគ្រួសធំៗនៅតម្រងនោមដោយការចោះ (Mini NLPC) ជំនួសការវះបើកធំ!

ការព្យាបាលគ្រួសធំៗនៅតម្រងនោមដោយការចោះ (Mini NLPC) ជំនួសការវះបើកធំ!

១) ការព្យាបាលគ្រួសធំៗនៅតម្រងនោមដោយការចោះ (Mini NLPC) គឺជាអ្វី?

Mini Nephrolithotomie Percutanée ជាបច្ចេកវិទ្យាចុងក្រោយស្តង់ដារអន្តរជាតិ ដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលដោយការចោះរន្ធតូច ១សង់ទីម៉ែត្រ (1cm) ចូលក្នុងតម្រងនោម ដោយជំនួយអំពីឧបករណ៍អេកូ échographie និងឧបករណ៍ថតកាំរស្មី Carm ហើយការប្រើឧបករណ៍ Nephroscope តូចទំនើបរួមជាមួយឡាសែ laser ដើម្បីបំបែកគ្រួសធំៗក្នុងតម្រងនោម ដែលភាគច្រើននៅតាមមន្ទីរពេទ្យក្នុងប្រទេសយើងធ្វើការវះបើក។

២) ផលប្រយោជន៍របស់ការព្យាបាលគ្រួសធំៗនៅតម្រងនោមដោយការចោះ (Mini NLPC)

– អាចព្យាបាលគ្រួសដែលធំៗទំហំលើសពី ២០មីលីម៉ែត្រ (20mm) ឡើង ដែលនៅក្នុងតម្រងនោម និងបង្ហួរនោមខ្ពស់ៗ ដោយការចោះ និងមានស្នាមរបួសតូច ជាងការវះកាត់បើកដែលមានស្នាមរបួសធំ។

– ហានិភ័យនៃការហូរឈាម និងការប៉ះពាល់កោសិការតម្រងនោម ក៏តិចជាងការវះកាត់បើក។

– ការឈឺចាប់មុខរបួសតិចតួចក្រោយចោះ បើប្រៀបធៀបការវះកាត់បើកធំ។

– ការសម្រាកនៅមន្ទីរពេទ្យ២ទៅ៣ថ្ងៃ មានរយៈពេលខ្លីជាងការវះកាត់បើក។

– អាចត្រលប់ទៅធ្វើការ ក៏លឿនជាងការវះកាត់បើកផងដែរ។

មន្ទីរពេទ្យកាល់ម៉ែតមានឧបករណ៍ឆ្លុះ endoscopie ទំនើបៗ ដែលអាចព្យាបាលគ្រួសតម្រងនោម គ្រួសបង្ហួរនោម និងគ្រួសប្លោកនោមធំៗ ដោយមិនមានការវះកាត់បើកធំ។

បើបងប្អូន មានបញ្ហាគ្រួសនៅតម្រងនោម សូមបងប្អូនអញ្ជើញមកជួបគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងព្យាបាលឲ្យបានជាសះស្បើយ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត