អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឆ្លើយតបដោះស្រាយស្បៀងអាហារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ក្នុងឱកាសចែកអំណោយជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ថា គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ម្ហូបអាហារជូនពលរដ្ឋនៅ ក្រុងប៉ោយប៉ែត ដើម្បីចែកជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់ ដែលពុំទាន់ទទួលបានស្បៀងឧបត្ថម្ភ។

ឯកឧត្តមអភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បញ្ជាក់បន្ថែមថា ក្រៅពីនេះក្រុមការងារសាខាកាបាទក្រហមខេត្តនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានផ្តល់ជំនួយ ដែលទទួលបានពីសប្បុរសជនជូនពលរដ្ឋងាយរងគ្រោះរស់នៅក្នុងតំបន់បិទខ្ទប់ ដោយគ្មានការរើសអើង និន្នាការនយោបាយ បក្សពួក ដោយបានចុះចែកផ្ទាល់ ជូនប្រជាពលរដ្ឋតាមរបាយការណ៍ជាក់ស្តែងរបស់ភូមិ សង្កាត់

ទើបចាប់ផ្តើមចំនួន២លើកគិតពីថ្ងៃទី២៦ ដល់ថ្ងៃទី១ឧសភា ចំនួន៩៥០គ្រួសារ នៅក្នុងគោល៧ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយសកម្មភាពនេះរដ្ឋបាលខេត្តនឹងធ្វើជាបន្តបន្ទាប់ រាប់ពាន់ឃីត រាប់ពាន់គ្រួសារទៀត។

ចំណែកឯការចុះផ្សាយរបស់ព័ត៌មាន RFA ចោតថាអាជ្ញាធរផ្តល់ស្បៀងជូនពលរដ្ឋរស់នៅតំបន់បិទខ្ទប់ នៅក្រុងប៉ោយប៉ែតដោយរើសអើងបក្សពួកនយោបាយនោះ ជាព័ត៌មានមិនពិតនោះទេ(Fake news) ។

សូមបញ្ជាក់ថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាខ្វះស្បៀងជាក់ស្តែង សូមទូរសព្ទ័មកក្រុមការងារ តាមសង្កាត់នីមួយៗ ដែលរដ្ឋបាលខេត្តប្រកាសជូនជ្រាបកន្លងមក ដើម្បីដោះស្រាយដោយតម្លាភាព ៕