លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហោះរំលឹកដាស់តឿនបងប្អូនក្នុងខណ្ឌទាំង៤

លោកជំទាវ ឱ វណ្ណឌីន÷ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថាដំណើរការចាក់វ៉ាក់សាំងកូវីដ៩សម្រាប់បុគ្គលចាប់ពីអាយុ ១៨ ឆ្នាំឡើងនៅ ខណ្ឌដង្កោ ខណ្ឋកំបូល ខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យក្នុងរាជធានីភ្នំពេញបាននិងកំពុងតែដំណើរការចាប់ពីថ្ងៃទី ១ ខែឧសភាឆ្នាំ ២០២១ នេះតទៅ។ ការចាត់ចែងរៀបចំសម្របសម្រួលជួនបងប្អូននឹងការផ្ដល់សេវាចាក់វ៉ាក់សាំងកូវីដ១៩ គឺមានការទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិមានកិច្ចសហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញនិងអាជ្ញាធរមូលដ្ឋាននៅតាមខណ្ឌនីមួយៗ។

វ៉ាក់សាំងស៊ីណូវ៉ាក់ និងសុីណូហ្វាម ចំនួន ៩០ម៉ឺនដូស (សម្រាប់ដូសទី ១ និងដូសទី ២)ត្រូវបានប្រគល់ជូនទៅអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិដោយ គ.វ.ក ១៩រួចហើយដែរ។
អាជ្ញាធរមូលដ្ឋាននិងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ ១៨ ឆ្នាំឡើងបានមកចាក់វ៉ាក់សាំងនេះដោយមានវេនមានពេលវេលានិងទៅតាមថ្ងៃនីមួយៗដើម្បីបញ្ចៀសបាននូវការកកស្ទះដែលអាចបង្កទៅជាហានិភ័យនៃការឆ្លងជំងឺកូវីដ១៩។ ការចាក់វ៉ាក់សាំងកូវីដ១៩ នាពេលនេះក៏បាននឹងកំពុងតែប្រព្រឹត្តទៅដោយការទទួលខុសត្រូវខ្ពស់ ដល់បងប្អូនមានអាយុ១៨ឆ្នាំឡើង ដែលរស់នៅក្នុងខណ្ឌទាំងបួននេះបានទទួលវ៉ាក់សាំងកូវីដ១៩ គ្រប់ៗគ្នាអោយបានរួចទាំង២ដូសមិនថាជាជនជាតិខ្មែរឬជនជាតិបរទេសនោះឡើយ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតាមខណ្ឌទាំងបួនខាងលើមេត្តារក្សាសណ្តាប់ធ្នាប់ល្អនិងវិន័យត្រឹមត្រូវរក្សាបាននូវវិធានការការពារ(ពាក់ម៉ាសលាងដៃនិងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី១,៥ម៉ែត្រ ឡើង)ជាចាំបាច់មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនីមួយៗ។ ប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួននោះទេមិនត្រូវមកប្រជ្រៀតគ្នា សូមមេត្តារង់ចាំដល់វេន ដល់ថ្ងៃកំណត់ដែលបានរៀបចំដោយអាជ្ញាធរមូលដ្ឋានចៀសវាងការមកជាន់ពេលគ្នាក្នុងថ្ងៃតែមួយ ធ្វើឲ្យមានការកកើតមនុស្សច្រើនដែលអាចចម្លងជំងឺកូវីដ១៩ បានគ្រប់ពេល វេលានៅទីកកកុញនោះនឹងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតហើយនឹងត្រូវចងចាំថា
“យើងមកទទួលយកវ៉ាក់សាំងកូវីដ១៩ មិនមែនមកទទួល យកវិរុសកូវីដ១៩ មុនពេលចាក់វ៉ាក់សាំងនោះឡើយ “។ ការចាក់វ៉ាក់សាំងកូវីដ១៩ គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ កាត់បន្ថយបាននូវអត្រាសម្រាកពេទ្យនិងអត្រាស្លាប់ដែលបណ្ដាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ១៩ នៅក្នុងសរីរាង្គកាយរបស់យើង ហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ១៩ នៅកន្លែងដែលប្រជ្រៀតគ្នាដើម្បីចាក់វ៉ាក់សាំងនេះដែរ ។ សុខភាពរបស់បងប្អូនគឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួនដោយមិនមាននរណាអាចជួយធ្វើជំនួសបានឡើយ។ការឆ្លងជំងឺកូវីដ១៩ ឬមិនឆ្លងអាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ១៩ ។

សូមកុំភ្លេចថាបុគ្គលគឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពបុគ្គលផ្ទាល់ ខ្លួនឯងរីឯគ្រូពេទ្យគឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់ នៅពេលដែលបុគ្គលនោះមានជំងឺឬកំពុងតែឈឺហើយតែប៉ុណ្ណោះជូនកាលជួយបានរួចផុតពីសេចក្តីស្លាប់ជូនកាលជួយមិនបានក៏មានការស្លាប់បាត់បង់ជីវិត។ វីរុសកូវីដ១៩ នេះនឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀតដែលតម្រូវឲ្យបុគ្គលម្នាក់ៗត្រូវចេះរស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ។

ខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅសុខភាពល្អសំណាងល្អទាំងអស់គ្នាដែលបានមកពីការអនុវត្តវិធានការ÷
-៣ការពារ ៣កុំ
-ចាក់វ៉ាក់សាំងដោយសុវត្ថិភាពនិងមានវេនចាក់ត្រឹមត្រូវ
-នៅផ្ទះ
(ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះមិនទៅចេញដើរក្រៅផ្ទះឡើយ) នឹងបានចៀសផុតពីការគំរាមកំហែងសុខភាពសាធារណៈនៃជំងឺកូវីដ១៩នេះគ្រប់ៗគ្នា។
សូមអរគុណជាអនេកប្បការនូវរាល់ការយកចិត្តទុកដាក់អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ៕