ទិវាសេរីភាពសារព័ត៌មានពិភពលោក÷ គេហទំព័រ និងទូរទស្សន៍អនឡាញមានជិត៧០០អង្គភាព គ្មានការបំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន

ភ្នំពេញ÷ ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២១នេះ បើទោះបីពុំមានធ្វើពិធីជួបជុំធំដុំ ដូចតែងប្រារព្ធកន្លងទៅដោយសារស្ថានភាពនៃជំងឺកូវីដ១៩ កំពុងគំរាមកំហែង ក៏ដោយ តែឆន្ទៈវិជ្ជាជីវៈនៅតែរឹងមាំ។ សូមអ្នកកាសែតទាំងឡាយពង្រឹងខ្លួនក្នុងការជម្នះស្ថានភាពលំបាក ដើម្បីបំពេញការងារប្រកបដោយភាពបត់បែន។ ពង្រីកនិងពង្រឹងស្មារតីទទួលខុស ចំពោះវិជ្ជាជីវៈ ចំពោះព័ត៌មានរបស់ខ្លួនដែលផ្តល់ជូនមហាជន។

ទាក់ទងនឹងទិវាសេរីភាពសារព័ត៍មានពិភពលោក ៣ឧសភា អ្នកនាំពាក្យក្រសួងព័ត៌មានបានអះអាងថា ទោះបីកម្ពុជាស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែ ស្ថានភាព និងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជានៅតែប្រព្រឹត្តទៅក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាមួយឡើយ មិនដូចដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច បានលើកឡើងនោះទេ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែង ថា ព្រះរាជាណាចក្រកម្ពុជាបានទទួលស្គាល់ និងបានអនុវត្តយ៉ាងគត់មត់នៅក្នុងការលើកម្ពស់សិទ្ធិសេរីភាព សារព័ត៌មាន និងសិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់របបសារព័ត៌មានផងដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ទោះបីជា ស្ថិតនៅក្នុងកាលៈទេសៈនៃវិបត្តិរីករាលដាលនៃជំងឺកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែស្ថានភាព និងបរិយាកាសនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅតែប្រព្រឹត្តទៅ ក្នុងស្ថានភាពល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ការបំបិទសិទ្ធិសេរីភាព ក៏ដូចជាការបង្ខំទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសសារព័ត៌មានណាមួយឡើយ។

អ្នកនាំពាក្យដដែលបន្តថា បើប្រៀបធៀបអំពីវឌ្ឍនភាពនៃការរីកចម្រើនលើវិស័យព័ត៌មាន ជាពិសេសអង្គភាពផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថាតាមប្រព័ន្ធអនឡាញ ក៏ដូចជា ចំនួនអ្នកសារព័ត៌មានដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានការកើនឡើងជាបន្តបន្ទាប់។ បើប្រៀបធៀបរយៈពេលដូចគ្នារវាងឆ្នាំ២០១៩ និងឆ្នាំ២០២០ ឃើញថាអង្គភាពផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺណេត ដែលមានគេហទំព័រ និងទូរទស្សន៍អនឡាញ មានចំនួនរហូតទៅដល់៦៦៩អង្គភាព ត្រឹមដំណាច់ឆ្នាំ២០២០ ហើយចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើងរហូតទៅដល់១០៧អង្គភាព។ ទន្ទឹមនឹងនោះ ក្រសួងព័ត៌មានបានចេញប័ណ្ណដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនៅក្នុងឆ្នាំ២០២០ បានចំនួនដល់ទៅ ៤.២៣០ប័ណ្ណ ដែលចំនួននេះកើនឡើងទៅដល់៤៤៣នាក់ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះមិនទាន់គិតទៅដល់ស្ថាប័នសារព័ត៌មាន ឬក៏ស្ថាប័នសារព័ត៌មាន ដែលចេញប័ណ្ណ ឬកាតអ្នកសារព័ត៌មានទៅដល់បុគ្គលិករបស់គេផងដែរ។

អ្នកនាំពាក្យបន្តថា នៅក្នុងការងារអនុវត្តការងារប្រចាំថ្ងៃរបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា គឺប្រព្រឹត្តទៅដោយប្រក្រតីភាព ទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការដាក់ចេញនៅសារាចរណែនាំវិធានការចាំបាច់មួយចំនួនដើម្បីធ្វើយ៉ាងណាដើម្បីកាត់ផ្តាច់ នៃការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ក៏ដោយ ក៏ប៉ុន្តែឃើញថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការបំពេញការងាររបស់អ្នកសារព័ត៌មាននៅតែប្រព្រឹត្តទៅយ៉ាងរលូន និងជាប្រក្រតីភាព។ ទន្ទឹមនឹងនោះ ដើម្បីធានាបាននៅ ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។ ក្រសួងព័ត៌មានក៏បានចេញនៅលិខិតបញ្ជាក់ក្នុងការធ្វើដំណើរនៅក្នុងតំបន់ដែលបិទខ្ទប់ មួយចំនួននៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នេះ ដើម្បីបង្កលក្ខណៈងាយស្រួលទៅដល់អ្នកសារព័ត៌មាន ដែលអាចចុះទៅបំពេញការងារ ក៏ដូចជាចុះទៅយកព័ត៌មាន នៅតំបន់ទាំងនោះដោយរលូន និងជាប្រក្រតីផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាន ក្នុងការពាំនាំនៅព័ត៌មានពិតពីរាជរដ្ឋាភិបាលទៅកាន់សាធារណជន ក៏ដូចជាពាំនាំព័ត៌មានពិតពីសាធារណជន មកកាន់រាជរដ្ឋាភិបាលផងដែរ។ ដើម្បីពង្រឹង និងបង្កការធ្វើឲ្យប្រសើរឡើងនៃការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជាកានន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលការណ៍មួយចំនួនដើម្បីធានាបាននៅការលើកកម្ពស់សិទ្ធិសេរីភាពខាងសារព័ត៌មាន សិទ្ធិសេរីភាពខាងការបោះពុម្ពផ្សាយ ក៏ដូចជាសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិផងដែរ ដូចជាៈ ទី១.រាជរដ្ឋាភិបាលបានបង្កើននូវភាពជាដៃគូរវាងអ្នកសារព័ត៌មានជាមួយស្ថាប័នរាជរដ្ឋាភិបាល តាយរយៈការបង្កើតនៅអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បង្កើតនៅក្រុម អ្នកនាំពាក្យតាមក្រសួង ស្ថាប័ន និងបង្កើតនៅក្រុមអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅតាមរាជធានី ខេត្តផងដែរ។ ទី២.ដោយការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចំពោះអ្នកសារព័ត៌មាន សម្តេចក៏បានណែនាំ និងឯកភាពប្រគល់ភារកិច្ចឲ្យក្រសួងព័ត៌មានសហការជាមួយក្រុមមេធាវីស្ម័គ្រចិត្តតេជោសែនក្នុងការផ្តល់ជំនួយផ្នែក ផ្លូវច្បាប់ជូនទៅដល់អ្នកសារព័ត៌មានទៅតាមអង្គហេតុ និងអង្គច្បាប់ផងដែរ។ ទី៣.នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានយក ចិត្តទុកដាក់ខ្ពស់ចំពោះអ្នកសារព័ត៌មាន តាមរយៈការដាក់បញ្ចូលអ្នកសារព័ត៌មាន គឺជាក្រុមអាទិភាពដែលទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃពីរដ្ឋាភិបាលផងដែរ។ មកដល់ពេល បច្ចុប្បន្ននេះ ក្រសួងព័ត៌មានដែលទទួលភារកិច្ចក្នុងការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មានបានផ្តល់ការចាក់វ៉ាក់សាំងពុំគិតថ្លៃជូនដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ បានប្រមាណជាង៥ពាន់នាក់ផងដែរ។ ចំណុចទាំងអស់នេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តវិជ្ជាជីវៈ ក៏ដូចជាការប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ប្រព្រឹត្តទៅ ដោយរលូន ល្អជាប្រក្រតី ដោយគ្មានការគំរាមកំហែងបំភិតបំភ័យ ដាក់គំនាបនយោបាយ ឬក៏ង្ខិតបង្ខំបៀតបៀនណាមួយនោះទេ។ ទន្ទឹមនឹងនោះរាជរដ្ឋាភិបាល កាន់តែយកចិត្តទុកដាក់ បន្ថែមទៀតនៅក្នុងការលើកកម្ពស់ និងធ្វើឲ្យប្រសើរឡើងនៅការអនុវត្យវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕