រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ឃាត់ខ្លួនបុរសម្នាក់​ដែល ផឹកស៊ីបង្ហោះវីដេអូ ផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត

តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួន បុគ្គលឈ្មោះ អ៊ុយ សម្បត្តិ រស់នៅភូមិ៤ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាម្ចាស់គណនីហ្វេសបុកឈ្មោះ Soka Usb ដែលបានផ្គើននឹងសេចក្ដីណែនាំរបស់រដ្ឋបាលខេត្ត និងតាមមាត្រា ១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ដោយបានបង្ហោះវីដេអូផឹកស៊ី រួមទាំងអត្ថបទ ដែលជាការបង្កឱ្យមានសកម្មភាពមិនល្អក្នុងសង្គម ខណៈដែលថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធគ្រប់ផ្នែកកំពុងប្រឹងប្រែងក្នុងការការពារ ទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរបស់មេរោគកូវីដ-១៩ ៕