ហ្វេសប៊ុកប្រើវិធីថ្មីដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ ឯកភាពក្នុងការតាមដានរបស់ពួកគេ

កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក Ashkan Soltani ដែលជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitter នូវរូបភាព screenshot របស់ក្រុមហ៊ុនហ្វេសប៊ុកដែលមានប្រើពាក្យពេចន៍ “help keep Facebook free of charge” ដើម្បីជម្រុញឱ្យអ្នកប្រើប្រាស់ឯកភាពក្នុងការតាមដានរបស់ពួកគេ។

ជាមួយកម្មវិធីប្រព័ន្ធប្រតិបត្តិការ iOS 14.5 សម្រាប់ទូរសព្ទ iPhone ក្រុមហ៊ុន Apple បានបន្ថែមមុខងារដែលទាមទារឱ្យអ្នកអភិវឌ្ឍកម្មវិធីក្រើនរំឭក (prompt) ដល់អ្នកប្រើប្រាស់ទាក់ទងនឹងការទាញយកទិន្នន័យឯកជនភាព និងការតាមដានអ្នកប្រើប្រាស់ ពីកម្មវិធីមួយទៅកម្មវិធីមួយទៀត។

ជាមួយនឹងមុខងារថ្មីនេះ លោកអ្នកនឹងមានជម្រើសថាតើលោកអ្នកនឹងអនុញ្ញាតឱ្យកម្មវិធីតាមដានការប្រើប្រាស់របស់លោកអ្នក “Allow Tracking” ឬលោកអ្នកក៏អាចស្នើសុំកុំឱ្យមានការតាមដានពីក្រុមហ៊ុន “Ask App not to Track”។ ប្រសិនបើលោកអ្នកជ្រើសរើសយកមិនឱ្យមានការតាមដានពីកម្មវិធីនោះ ក្រុមហ៊ុន Apple នឹងបិទមិនឱ្យអ្នកអភិវឌ្ឍកម្មវិធីអាចទាញយកលេខសំគាល់សម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្ម (Identifier for Advertisers ឬ IDFA) បាន។ ហើយប្រសិនបើពួកគេនៅតែព្យាយាមតាមដានអ្នកប្រើប្រាស់ កម្មវិធីរបស់ពួកគេអាចនឹងត្រូវលុបចេញពី App Store របស់ក្រុមហ៊ុន Apple ទៀតផង។

គួរបញ្ជាក់ផងដែរថា នៅពេលដែលលោកអ្នកបិទ មិនឱ្យមានការតាមដាន “Ask App not to Track” ក្រុមហ៊ុនហ្វេសប៊ុកនៅតែអាចបន្តតាមដានលោកអ្នកនៅពេលដែលលោកអ្នកប្រើកម្មវិធីនេះ ប៉ុន្តែពួកគេមិនអាចចែកចាយឬទាញយកទិន្នន័យពីកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ។ ដើម្បីការពារទិន្នន័យឯកជនភាព និងចៀសវាងការតាមដានរបស់ក្រុមហ៊ុននោះ លោកអ្នកគួរតែបិទ មិនឱ្យមានការតាមដាន “Ask App not to Track” នៅពេលដែល លោកអ្នកទទួលបានស្រ្គីនក្រើនរំឭកនេះ៕

ប្រភពព័ត៌មាន