ក្រសួងអប់រំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស​ទៅដល់លោក គ្រូអ្នកគ្រូ បុគ្គលិកអប់រំ បុគ្គលិកបម្រើការក្នុងវិស័យអប់រំ គ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ និងឯកជន

លោកស្រី ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់ពេលវេលារបស់ខ្លួន គ្រួសារ ដើម្បីចូលរួមបំបេញបេសកម្មមួយនេះប្រកបដោយទឹកចិត្តស្មោះសរ សាមគ្គីភាព និងសប្បុរសធម៌ គឺជាសមានចិត្តដ៏មានតម្លៃជ្រាលជ្រៅដែលមិនអាចកាត់ថ្លៃបាន។

ក្នុងឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២នាថ្ងៃនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសុខភាពសាធារណៈ ជាពិសេសសុខភាពបុគ្គលិកអប់រំ និងសិស្សានុសិស្ស និស្សិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានសម្រេចដ៏ខ្ពង់ខ្ពស់ និងជំរុញឱ្យមានយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ ជូនបុគ្គលិកអប់រំ បុគ្គលិកជាប់កិច្ចសន្យានៅតាមអង្គភាពអប់រំ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេស។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្តថា ក្រសួងអប់រំ យុវជន និងកីឡា ក៏សូមថ្លែងអំណរគុណ ដល់ក្រសួងសុខាភិបាល ភ្នាក់សុខាភិបាលគ្រប់ជាន់ថ្នាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) អាជ្ញាធរដែនដី បុគ្គលិកអប់រំ យុវជនស្ម័គ្រចិត្ត និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានដឹកនាំ ប្រតិបត្តិការ និងចូលរួមចំណែក ក្នុងយុទ្ធនាការនេះប្រកបដោយជោគជ័យ៕