លទ្ធផលតេស្តរហ័សរកឃើញករណីវិជ្ជមានកូវីដ-១៩ ៦នាក់, ក្នុងចំណោមអ្នកពាក់ព័ន្ធ៥០នាក់ដែលបានយកវត្ថុសំណាក ផ្សារសិរីសោភ័ណ

នៅក្រុងសិរីសោភ័ណ ដែលជាទីប្រជុំជននៃខេត្តបន្ទាយមានជ័យ គិតត្រឹមយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ គ្រូពេទ្យជួរមុខបានធ្វើតេស្តរហ័សលើមនុស្សជាច្រើននាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនពីម្នាក់ដល់៦នាក់ហើយ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការក្រុងសិរីសោភ័ណ បានអោយដឹងនាព្រឹកថ្ងៃទី០៤ ខែឧសភាថា ដំបូងនៅក្រុងនេះ គេរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ម្នាក់មានឈ្មោះ បាន រ៉ាស៊ី អាយុ២៧ឆ្នាំ មានមុខរបរលក់ចាប់ហួយក្នុងផ្សារសិរីសោភ័ណ មានទីលំនៅភូមិភ្នំកន្តួត សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បន្ទាប់មកអាជ្ញាធរមានសមត្ថកិច្ចបាននាំឪពុកម្តាយ និងក្រុមគ្រួសារ គាត់ទៅធ្វើតេស្តរហ័ស ហើយលទ្ធផលអវិជ្ជមានកូវីដ១៩ ។ ប៉ុន្តែក៏ត្រូវនាំពួកគាត់ទៅធ្វើចត្តាឡីស័កផងដែរ ។

ក្រោយរកឃើញភ្លាមៗនោះ រហូតយប់ថ្ងៃទី០៣ ខែឧសភា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចប្រមូលយកអ្នកពាក់ព័ន្ធដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលកើនដល់៥០នាក់ ពីផ្សារសិរីសោ ភ័ណ និងពីភូមិភ្នំកន្តួត សង្កាត់កំពង់ស្វាយ ដើម្បីយកវត្ថុសំណាកធ្វើតេស្តរកមេរោគកូវីដ១៩ និងដាក់អោយធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកម្រិត១ កងវ៉ា របស់រដ្ឋបាលខេត្ត នៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ។

ចំពោះនៅផ្សារសិរីសោភ័ណ មានអ្នកពាក់ព័ន្ធ ពិសេសឪពុកម្តាយ និងក្រុមគ្រួសាររបស់បុរសដែលរកឃើញបឋម វិជ្ជមានកូវីដ-១៩ក្តី ក៏ អភិបាលក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី០៤ ខៃឧសភា បានប្រាប់ឲ្យដឹងថា៖ ជាគោលការណ៍ផ្សារសិរីសោភ័ណ ដែលជាផ្សារធំចម្បងទី២នៅប្រជុំជននេះមិនទាន់បិទនៅឡើយទេ ។

លោកថា បានជាមិនបិទ ព្រោះឪពុកម្តាយនៃបុរសវិជ្ជមានកូវីដ១៩នោះ លទ្ធផលគាត់តេស្តគឺអវិជ្ជមាន ។

ឯបុរសឈ្មោះបាន រ៉ាស៊ី អាយុ ២៧ឆ្នាំ មានមុខរបរលក់ចាប់ហួយក្នុងផ្សារសិរីសោភ័ណ ដែលរកឃើញវិជ្ជមានកូវីដ១៩ នោះ ក៏គាត់ខានមកលក់ដូរនៅផ្សារនេះជាយូរមកហើយដែរ ។ គាត់រវល់ទៅមកជួបសង្សាររបស់គាត់ឯក្រុងប៉ោយប៉ែត ។

ទោះជាយ៉ាងនេះក្តី ក៏ប្រភពពីអាជីវករ និងពលរដ្ឋ ក៏ដូចមន្ត្រីបានអោយដឹងនាព្រឹកថ្ងៃទី០៤ ខែឧសភានេះថា៖ មកទល់ពេលនេះ ផ្សារនេះស្ងាត់ មានអ្នកលក់ដូរ និងអតិថិជន តិចតួចណាស់បានចួលទៅផ្សារនេះ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ