ជនជាតិចិន ០២នាក់ សាកកម្លាំងគ្នា ម្នាក់ដេកពេទ្យឯម្នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច

ព័ត៌មានបឋមពីស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា នៅថ្ងៃទី០៣​ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង១៣និង៤៥នាទី មានករណីហិង្សាដោយចេតនាកើតឡើងរវាងជនជាតិចិន​ និងជនជាតិចិនដូចគ្នា​ នៅចំណុចក្រុមហ៊ុនរង់ឈីង សិក្សារ៉ែមាស ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្តាលអោយរងបួសមនុស្ស០១នាក់​ ។

ជនរងគ្រោះឈ្មោះ យាន សៃសៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន ស្រុកកំណើតនៅខេត្តហឺណាន ប្រទេសចិន មុខរបរ​កម្មករ​ រងរបួសកំភួនជើងផ្នែកខាងស្តាំចំនួន៣កន្លែង។

ជនសង្ស័យប្រព្រឹត្តបទល្មើសឈ្មោះ ជង័សូស៊ីង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ស្រុកកំណើតនៅខេត្តសានតុង ប្រទេសចិន មុខរបរ​មេការក្រុមហ៊ុនរុងឈីង។

មូលហេតុបណ្តាលមកពីទំនាស់ពាក្យសំដីគ្នា ដោយជនរងគ្រោះត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ រួចទៅសុំបេីកប្រាក់ខែ​ពីមេការក្រុមហ៊ុនមិនបាន ទេីបកេីតជម្លោះ​ ។

វត្ថុតាងចាប់យកបានវត្ថុតាងកាំបិតចិតបន្លែមានរាងសំប៉ែតចុងស្រួយ ប្រវែង២៨.ស.ម​ ដងឈើចំនួន០១។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគីរី ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕