សម្តេចតេជោ “ដរាបណា មិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជននៅតំបន់ក្រហម គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ”

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។ សម្តេចតេជោ ហ៊ុន សែន សូមបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។

សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២មុឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤មុឺន ឬ៥៥មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏សូម អង្វរករប្រជាពលរដ្ឋកុំឲ្យចេញពីតំបន់ផ្សេងចូលមកតំបន់ក្រហមដើម្បីបានចាក់វ៉ាក់សាំង ធ្វើយ៉ាងនេះដើម្បីធានាថា យើងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមបានគ្រប់ៗគ្នា។

(សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១)