សាលាគណខេត្តសៀមរាបបំភ្លឺថាការឆាន់ចង្ហាន់របស់សង្ឃនៅតាមផ្លូវជារូបភាពកាលពីចុងឆ្នាំ២០២០ដោយសារជិតផុតម៉ោងឆាន់ពេលថ្ងៃត្រង់

ក្រោយពីបានឃើញពត៌មានតាមបណ្ដាញសង្គមហ្វេសប៊ុក បានផ្សាយថាព្រះសង្ឃនៅវត្តផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្ត សៀមរាបពុំមានចង្ហាន់។ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ព្រះមេគណនិងលោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការបានចាត់ក្រុមការងារសាលាគណ និងមន្ដ្រីមន្ទីរធម្មការនិងសាសនាបានចុះទៅដល់វត្ត ប៉ុន្ដែមិនពិតដូចការផ្សាយនោះទេ។ ខ្លឹមសារបំភ្លឺរបស់សាលាគណខេត្តសៀមរាប ដូចមានខាងក្រោម÷

សាលាគណខេត្តសៀមរាបសូមទូលថ្វាយ ពិតប្រគេន និង ចម្រើនពរសូមជូន សម្តេច ព្រះរាជាគណៈ គណសង្ឃនាយក ព្រះគ្រូ និង ព្រះថេរានុត្ថេគ្រប់រូប និងទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ជ្រាបថា ករណីវីដេអូបង្ហាញពីព្រះសង្ឃឆាន់ចង្ហាន់មាត់ផ្លូវដែលបានបង្ហោះថាព្រះសង្ឃដាច់ចង្ហាន់នោះ ជាព័ត៌មានមិនពិតទេ និងជាការបំប៉ោងបំពុលសង្គមតែប៉ុណ្ណោះ។

ជាការពិតព្រះសង្ឃមានវ័យចំណាស់អង្គនោះ គង់នៅវត្តអន្លង់ធំលើខ្នងភ្នំគូលេន ក្នុងស្រុកស្វាយលើ។ ឯការឆាន់នៅក្បែរចិញ្ចើមថ្នល់នោះគឺពេលព្រះអង្គនិមន្តទៅព្យាបាលជំងឺនៅភូមិក្នុងឃុំកន្ទួតនោះ។ ពេលនិមន្តត្រឡប់មកវិញត្រូវគង់ចាំរថយន្តឈ្នួលនៅមុខវត្តឥន្ទបារមីសិរីរដ្ឋដូចដែលឃើញក្នុងវីដេអូ តែដោយជិតផុតម៉ោងឆាន់ចង្ហាន់ថ្ងៃត្រង់ ញាតិញោមក៏បានទិញបាញ់ស៊ុងដែលគេលក់តាមម៉ូតូប្រគេន ព្រោះគ្មានអ្វីលក់នៅម្តុំនោះទេ។ បច្ចុប្បន្នលោកតាបានលាចាកសិក្ខាបទ(សឹក)ចំនួន បីខែហើយ។

ក្រោយឃើញវីដេអូ ព្រះមេគណខេត្តបានចាត់មន្ត្រីសង្ឃខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី ឡាច លាង ព្រះធម្មធរគណៈខេត្តបានចុះដល់ទីតាំងជាក់ស្ដែង បានរកឃើញថា វត្តឥន្ទបារមីសិរីរដ្ឋ ភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដូចឃើញក្នុងវីដេអូនោះ គឺមិនមានការខ្វះខាតអ្វីទេ ក្នុងវត្តមានព្រះសង្ឃពីរអង្គគង់នៅធម្មតា។

ដូច្នេះសូមសម្តេច ព្រះរាជាគណៈ គណៈសង្ឃនាយក ព្រះគ្រូ ព្រះថេរានុត្ថេរៈ និង ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ប្រិយមិត្តទាំងអស់ យាង និមន្ត និង អញ្ជើញជ្រាបជាព័ត៌មានដ៏ខ្ពង់ខ្ពស់។

រដ្ឋបាលខេត្ត សូមទទូចដល់បងប្អូនសាធារណជន ផ្សព្វផ្សាយព័ត៌មានពិត ជៀសវាងការបំភ្លៃ ដែលអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕

រូបតាពាក់អាវស ជាលោកតាក្រោយលាចាកសិក្ខាបទហើយ