បងប្អូនបង្កើត ០២នាក់ សាកកម្លាំងគ្នា ម្នាក់ចូលពេទ្យឯម្នាក់ទៀតចូលប៉ុស្តិ៍

កណ្តាល÷ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោង ១៧ និង ៥០នាទី។ ចំណុចកើតហេតុនៅចំណុចផ្ទះឈ្មោះ មូល អេង ស្ថិតនៅក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

​ជនរងគ្រោះឈ្មោះ សុខ វី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ រងរបួសដាច់រយះចំថ្ងាសដេរចំនួន០៦ថ្នេរ។

ជនសង្ស័យឈ្មោះ សុខ នឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(មានសារធាតុញៀនក្នុងទឹកនោម)។

វត្ថុតាងចាប់យករួមមាន៖កាំបិតផ្គាក់ដងឬស្សីប្រវែង ៧៧សង់ទីម៉ែត្រ និងផ្លែដែកប្រវែង ៣០សង់ទីម៉ែត្រ ចំនួន០១ ។

សភាពរឿងហេតុ៖ ជនរងគ្រោះ និងជនសង្ស័យគឺជាបងប្អូនបង្កើតនិងគ្នារស់នៅក្រោមដំបូលផ្ទះតែមួយជាមួយឪពុក ម្ដាយ។ រយៈកាលកន្លងមកជនសង្ស័យ សុខ នឿន គឺធ្លាប់បានលួចសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាម៉ូតូ ម៉ាស៊ីនបូមទឹក… យកទៅលក់បានប្រាក់ចាយវាយ ជក់គ្រឿងញៀនអស់ ជាញឹកញាប់ ដោយគ្មានអ្នកណានៅក្នុងផ្ទះនិយាយអប់រំ ណែនាំស្ដាប់នោះទេ។ លុះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង៥០នាទី ជនសង្ស័យ បានកំពុងមើលទូរទស្សន៍ ចំណែកម្តាយកំពុងធ្វើម្ហូបនៅឯផ្ទះបាយ។ បន្ទាប់មកឈ្មោះ សុខ នឿន ក៏បានសុំប្រាក់ពីម្ដាយបង្កើតទៅទិញបារីជក់ តែម្ដាយឆ្លើយថាគ្មានប្រាក់ឱ្យទេ ស្របពេលនោះដែរ ជនរងគ្រោះឈ្មោះ សុខ វី បានដើចូលក្នុងផ្ទះបាយ ឃើញបងប្រុសខ្លួន កំពុងរករឿងសុំលុយម្ដាយ ជនរងគ្រោះក៏បាននិយាយស្ដីថាឱ្យជនសង្ស័យថាពុំដែលគិតធ្វើការរកប្រាក់ជួយគ្រួសារទេគិតតែពីសុំ ភ្លាមនោះពួកគេទាំង០២នាក់បងប្អូនក៏បានទាក់ពាក្យសម្ដីគ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បាននិយាយគំរាមកាប់ទៅលើជនរងគ្រោះនិងកាំបិតទៀតផង លឺដូចនោះជនរងគ្រោះក៏ស្ទុះរត់ទៅយកដំបងមក ជនសង្ស័យក៏បានទាញយកកាំបិតផ្គាក់មកកាន់នៅនិងដៃ នៅពេលម្តាយរបស់ពួកគេឃើញដូចនោះក៏ស្ទុះទៅចាប់កាំបិតចេញពីជនសង្ស័យដែលត្រូជាបងកុំអោយកាប់ទៅលើប្អូន ពេលដែលកំពុងប្រតាយប្រតប់គ្នានោះក៏បណ្តាលផ្លែកាំបិតត្រូវចំថ្ងាសជនរងគ្រោះបណ្តាលអោយរងរបួសដាច់រយះចំថ្ងាសចេញឈាមតែម្ដង។ លុះក្រោយពីកើតហេតុ ជនសង្ស័យបានចូលសំងំនៅក្នុងផ្ទះ ចំណែកម្តាយបានដឹកជនរងគ្រោះដែលជាប្អូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។

លុះនៅព្រឹកថ្ងៃទី០៤ ខែឆ្នាំដដែល ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូនតែម្ដង ។ ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ សុខ នឿន ជាមួយវត្ថុតាងកាំបិតផ្គាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង៕