អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត

ប៉ៃលិន៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានមូលនីធិ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ មណ្ឌលប៉ៃលិន ព្រមទាំង យុវជន សសយក, យុវជន កាកបាទក្រហម និងក្រុមការងារ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ។

លោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តមតែងតែឧបត្ថម្ភគាំទ្រ ដល់មូលនីធិ ព្រមទាំងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

លោកជំទាវប្រធាន បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិនេះបានបង្កើតឡើង រយៈពេល ៩ឆ្នាំមកហើយ ក្នុងគោលបំណង និងទិសដៅជួយ ដល់ លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៏ដូចជា ការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិន ប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍អំពាវនាវដល់ ប្រជា ពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគម ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និង វិធានចាំបាច់នានារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ ជាពិសេសបងប្អូនពលករដែលទើបត្រលប់ មកពី ក្រៅប្រទេស និងមកពីបណ្តារាជធានីខេត្ត ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភ័ក្តិរយ:ពេល ១៤ថ្ងៃសិន។

លោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ដែលបានមកទទួលប្រាក់ឧបត្ថម្ភពីមូលនីធីចាស់ជរាជារៀងរាល់ខែ បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវប្រធានមូលនីធិ និងឯកឧត្តម អ៊ី ឈាន ដែលបានឧបត្ថម្ភថវិកា ដល់ពួកគាត់ ជារៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូស្រាលមួយកម្រឹតផងដែរ។

សូមបញ្ជាក់ថា៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តប៉ៃលិន, ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយ លោកតា ចាស់ជរា ចំនួន ៦៦នាក់ ដោយ ក្នុង ម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀល និងស្បៀងអាហារមួយចំនួន រួមមាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួ មី ១កេស ទឹកសុទ្ធ ១កេស និងម៉ាស ១ដុំ ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន