អគ្គិភ័យបានឆាបឆេះតូបផ្សារត្រាំកក់ ខូចខាតសម្ភារៈទាំងស្រុងអស់៣៥តូប និងខូចខាតតិចតួច១៥តូប ដោយសារឆ្លងចរន្តខ្សែភ្លើងតូបក្នុងផ្សារ

នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់ និងសង្គ្រោះអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះនោះបាន ប្រើប្រាស់ឡានទឹក សរុប ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨ឡានទើបគ្រប់គ្រងស្ថានការបាន។

តាមរបាយការណ៍បានឲ្យដឹងថា តូបដែលអគ្គិភ័យឆាបឆេះអស់ចំនួន៥០តូប បណ្តាលឲ្យខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតួចចំនួន១៥តូប (មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ) ។

សូមបញ្ជាក់ថា មូលហេតុដែលបណ្ដាយអោយឆេះ គឺមកពីឆ្លងចរន្តខ្សែភ្លើងតូបក្នុងផ្សារ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ