មនុស្សចំនួន ០៣នាក់ នៅក្នុងស្រុកសូទ្រនិគម បានរងគ្រោះរហូតដល់ស្លាប់ដោយសារគ្រោះធម្មជាតិ កាលពីព្រលប់ថ្ងៃម្សិលមិញ

លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម បានឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះថា កាលពីវេលាម៉ោង១៩ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ មានហេតុការណ៍ភ្លៀងផ្គរ រន្ទះ លាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានកើតឡើងនៅទីតាំងចំនួន០២កន្លែងផ្សេងៗពីគ្នា ស្ថិតនៅក្នុងស្រុកសូទ្រនិគម បណ្ដាលឲ្យមនុស្សចំនួន០៣នាក់ រងគ្រោះរហូតដល់ស្លាប់នៅនឹងកន្លែង ។

លោកអភិបាលស្រុកសូទ្រនិគម បានឲ្យដឹងទៀតថា ករណីទីមួយ គឺការដួលរលំដើមឈើសង្កត់ក្មេងប្រុសស្លាប់ម្នាក់ ឈ្មោះ ដា វណ្ណា អាយុ ១៥ឆ្នាំ រស់នៅភូមិត្រពាំងត្រុំ ឃុំពពេល ទៅស៊ីឈ្នួលភ្ជួរស្រែ ហើយនៅពេលមេឃភ្លៀងក៏ចូលជ្រកក្នុងខ្ទម ពេលនោះខ្យល់ក៏បានបក់បោកធ្វើឲ្យដើមស្នួលរលំសង្កត់លើខ្ទមស្រែស្លាប់តែម្ដង ។

ករណីទីពីរ គឺរន្ទះបាញ់បណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ ពុធ ធ ភេទប្រុស អាយុ ៣៧ឆ្នាំ និង ២.ឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នាមានទីលំនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ដែលជនរងគ្រោះទាំង២ និងក្រុមគ្រួសារ បានយកត្រាក់ទ័រទៅព្យួរដីដាំដំឡូង នៅនឹងចំការរបស់ខ្លួនស្ថិតក្នុងភូមិគោកចាន់ ហើយក្នុងអំឡុងពេលមេឃភ្លៀងពួកគាត់មិនបានព្យួរដីទេ តែបាននាំគ្នាចងតង់ចំនួន០២កន្លែងផ្សេងគ្នាដើម្បីជ្រកភ្លៀង ដោយចងម្ខាងទៅនឹងដើមតាសេក ហើយម្ខាងទៀតចងនឹងត្រាក់ទ័រ ខណៈពេលកំពុងជ្រកភ្លៀង ស្រាប់តែរន្ទះបាញ់ស្លាប់ទាំង២នាក់ បងប្អូន នៅនឹងកន្លែងកើតហេតុតែម្ដង ចំណែកក្រុមគ្រួសារជ្រកនៅតង់មួយទៀត មិនបណ្ដាលឲ្យប៉ះពាល់ទេ ។

លោក ម៉ក់ ប្រុស បានឲ្យដឹងទៀតថា ករណីគ្រោះធម្មជាតិនេះ ក៏បានធ្វើឲ្យរលំផ្ទះរបស់ប្រជាពលរដ្ឋទាំងស្រុងអស់មួយខ្នងដែរ ជារបស់ឈ្មោះ ហួន សាវី ភេទប្រុស អាយុ ៤២ឆ្នាំ ស្ថិតនៅភូមិក្រៀលពង ឃុំពពេល ហើយនៅព្រឹកនេះដែរ អាជ្ញាធរស្រុក ឃុំ និងភូមិ បានចុះទៅសួរសុខទុក្ខ និងជួយសម្របសម្រួលក្រុមគ្រួសារនៃសព ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី និង ធ្វើរបាយការណ៍ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងការរៀបចំអំណោយជូនគ្រួសារ នៃជនរងគ្រោះ ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប