កម្ពុជា​បាននាំចេញផ្លែស្វាយ ស្រស់ចំនួន ៨០តោន ទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់

រដ្ឋមន្ត្រី​ ក្រសួង​កសិកម្ម​បានសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។

លោក Wang Wentain ឯកអគ្គរដ្ឋទូត បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផល ថ្មីមួយទៀតដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។

ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តមសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណ ភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលនេះនាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ៕