នៅព្រឹកស្អែក កម្ពុជានឹងទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០មុឺនដូស ពីសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥០មុឺនដូសបន្ថែមទៀត។
សូមជម្រាបថា យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេសបានចំនួន ១,៧៧៣,៩៩៤ដូសហើយ។ ដោយឡែកក្នុងរយ:ពេល៩ថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ក្រសួងការពារជាតិក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៩មុឺន ៩៦១៧នាក់ផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតំបន់ក្រហមមានប្រជាជនជាង ៥២មុឺននាក់ ហើយវ៉ាក់សាំងមានតែជាង ៩០មុឺនដូស ចាក់បានតែប្រជាជនជាង ៤០មុឺននាក់ បើសិនមានការខូចខាតមួយចំនួន វានឹងអាចមានការខ្វះវ៉ាក់សាំង នៅក្នុងតំបន់ក្រហម ដរាបណាមិនទាន់ចាក់វ៉ាក់សាំងអស់ប្រជាជន គឺយើងមិនដើរចេញ ចោលប្រជាជនណាម្នាក់នោះទេ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួន ៥២មុឺននាក់ នៅក្នុងតំបន់ក្រហម គឺមិនខ្វះទេ គឺថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំងនឹងមកដល់ ៥០មុឺនដូស នឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹងដឹកមកដល់ចំនួន ៥០មុឺនដូសទៀត សរុប ១លានដូសនៅក្នុងដៃយើងបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន ក៏សូមស្នើសម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាទៅអង្គភាពដែលត្រូវចុះចាក់នៅក្នុងតំបន់ក្រហម មិនត្រូវបញ្ចប់ដូសទី១ ត្រឹមថ្ងៃទី ១៥ ខែឧសភានោះទេ គឺដូសទី១ ត្រូវតែធ្វើយ៉ាងណាឲ្យហើយ ឲ្យអស់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ។
សម្តេចបញ្ជាក់ថា មិនថាត្រឹមតែ ៥២មុឺននាក់ទេ ទោះបីជា ៥៣ ទៅ៥៤មុឺន ឬ៥៥មុឺននាក់ ក៏យើងនៅតែមានលទ្ធភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដែរ៕

ប្រភព: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា