ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹក

អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក សូរ ប្លាតុង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុកប្រាសាទបាគង កាលពីវេលាម៉ោង១៦:៥០នាទីថ្ងៃទី៨ខែឧសភាឆ្នាំ២០២១ម្សិលមិញនេះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០២នាក់ភ្លាមៗ ពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹកដែលជាជម្រកត្រីពងកូននារដូវវស្សា នៅចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ស្ថិតក្នុងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

-ជនសង្ស័យទី១ ឈ្មោះ ដឹង ដន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

-ជនសង្ស័យទី២ ឈ្មោះ សេង សឿយ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទី១បានសារភាព ថានៅថ្ងៃកើតហេតុខាងលើ ខ្លួនពិតជាបាន ធ្វើការកាប់ឆ្ការទន្រ្ទានព្រៃសហគមន៍ ដែលជាតំបន់ហាមឃាត់ពិតមែន និងធ្លាប់បានដុតព្រៃបរិវេណនេះពីមុនផងដែរ ។ ចំណែកជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅលើកភ្លឺនិងកាប់ទន្ទា្រនដីសហគមន៍ហាមឃាត់ពិតមែន ជាមួយគ្នានេះកាលពីជាងកន្លះខែមុននេះខ្លួនក៏ធ្លាប់បានអោយប្អូនថ្លៃឈ្មោះឌឹម សុខា ភេទប្រុស រស់នៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជួលត្រាក់ទ័រចំនួន០២គ្រឿងអោយរុញព្រៃនិងភ្ជួរលើដីនេះផងដែរ។

យោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកបញ្ជូនទៅកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕