ចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីចាក់សម្លាប់លើអានិកជនខ្មែរ នៅសៀមរាប

សៀមរាប៖ នៅវេលាម៉ោង ១៩:៥០នាទីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថខេត្តសៀមរាប សហការជាមួយការិយាល័យជំនាញកងរាជអាវុធហត្ថលើៃផ្ទប្រទេស, ខេត្តតាកែវ, ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ឺន វិមល ភេទប្រុស ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំនុចភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបងពីបទឃាតកម្ម។ ក្រោយពីស្តាប់ចម្លើយជនសង្ស័យខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ុន ចន្ថា ភេទស្រី អាយុ៥៦ឆ្នាំ ជាអានិកជនខ្មែររស់នៅប្រទេសស្វីស កាលពីវេលាម៉ោងប្រហែល ១៩:០០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះជួលស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពិតប្រាកដមែន។
មូលហេតុជនសង្ស័យចាក់សម្លាប់ជនរងគ្រោះដោយសារជនរងគ្រោះដើរលេងផឹកស៊ីហើយប្រច័ណ្ឌជនសង្ស័យ នាំអោយកើតមានជំលោះគ្នារហូតដល់ជនសង្ស័យយកកាំបិតចុងស្រួចនឹងអង្រែបុកគ្រឿងវាយលើក្បាលជនរងគ្រោះរហូតដល់ស្លាប់។
វត្ថុតាងនិងសម្ភារៈដកហូតមានម៉ូតូម៉ាកហុងដា click ពណ៌សពាក់ស្លាកលេខភ្នំពេញ១HE-៩៦០៣, ទូរស័ព្ទដៃ០១គ្រឿង និងកាំបិតចុងស្រួចចំនួន០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានការិយាល័យជំនាញ កសាងសំណុំចាត់ការតាមនីតិវិធី៕