មនុស្ស ០២នាក់ ដែលរស់នៅក្នុងស្រុកអង្គរជុំ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បង្គាប់ឲ្យឃុំខ្លួន ដោយចោទប្រកាន់ពីបទការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់មនុស្សចំនួន០២នាក់ដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា គឺ១. ឈ្មោះ ឈឹង លី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ត្រូវជាប្ដី និង ២- ឈ្មោះ អាំ ទ្រាម ភេទ ស្រី អាយុ ៣៦ឆ្នាំ ត្រូវជាប្រពន្ធ មានទីលំនៅភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណៈដែលអ្នកទាំងពីរនាក់នេះ ជាប់សង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចម្ដុំច្រកចំការចេក ក្នុងខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា កាលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលប្រចាំព្រំដែនខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករខ្មែរបានចំនួន០៩នាក់ ក្នុងនោះប្រុសចំនួន០២នាក់ ដែលធ្វើដំណើរចេញពីភូមិរវៀងថ្មី ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប បំណងលួចឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងទឹកដីប្រទេសថៃ ដើម្បីរកការងារធ្វើ ប៉ុន្តែទៅដល់ម្តុំច្រកចំការចេកបម្រុងឆ្លងចូលទឹកដីថៃ ប៉ុន្តែត្រូវបានសមត្ថកិច្ចមកទាន់ ហើយក៏បានចាប់បញ្ជូនពលករទាំង០៩នាក់ បញ្ជូនមកខេត្តសៀមរាបវិញ ដោយឲ្យស្នាក់នៅទីកន្លែងធ្វើចត្តាឡីស័ក ក្នុងបរិវេណសាលាបឋមសិក្សាវត្តស្វាយ ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ដើម្បីធ្វើការស្រាវជ្រាវរកមេខ្យល់ដែលបានដឹកនាំក្រុមពលករឆ្លងដែនដោយខុសច្បាប់នោះ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅជួបសម្ភាសន៍ពលករ ហើយតាមកាបំភ្លឺរបស់ពលករក្នុងក្រុមនេះ បានឲ្យដឹងថា ពួកគាត់គឺពិតជាមានបំណងលួចឆ្លងដែនចូលក្នុងទឹកដីថៃ ដើម្បីរកការងារធ្វើនៅប្រទេសថៃ តាមរយៈមនុស្សចំនួន០២នាក់ប្តីប្រពន្ធ គឺប្តីឈ្មោះ ឈឹង លី អាយុ ៣៧ឆ្នាំ និង ប្រពន្ធឈ្មោះ អាំ ទ្រាម អាយុ ៣៦ឆ្នាំ ដែលពួកគេបានប្រាប់ពួកគាត់ថា ឥឡូវនេះគេអាចធ្វើដំណើរចូលទៅធ្វើការនៅថៃបានហើយ គឺការងាររើសពងមាន់ មួយថ្ងៃបាន៣០០បាត និងក្នុងមួយខែ ៩.០០០បាត ដូច្នេះ ផ្អែកតាមការសម្ភាសន៍ពលករទាំង០៧នាក់ និងចម្លើយរបស់ជនសង្ស័យទាំង២នាក់ប្ដីប្រពន្ធ ពិនិត្យឃើញមានពិរុទ្ធភាពគ្រប់គ្រាន់ក្នុងបទល្មើសការនាំយកចេញដោយមិនស្របច្បាប់ដោយមានគោលដៅ ហើយសមត្ថកិច្ចជំនាញនគរបាលខេត្តសៀមរាប បានរៀបចំកាសាងសំណុំរឿងបញ្ចូនទៅតុលាការខេត្តកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ប៉ុន្តែដោយសារអ្នកទាំងពីរនាក់នេះកំពុងធ្វើចត្តាឡីស័ក ដូច្នេះត្រូវរង់ចាំការធ្វើចត្តាឡីស័កចប់ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ទើបធ្វើកំណត់ហេតុឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

លោកស្រី យូ សុភា អភិបាលរងខេត្ត និង ជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាបបានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជា និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ គណៈអភិបាលខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំនិងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ។

លោកស្រី យូ សុភា មានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការល្អរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយនឹងរដ្ឋបាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃនោះ ជាពិសេសលទ្ធដែលសម្រេចបាននាពេលនេះ គឺក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានទប់ស្កាត់ និង បង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ខណៈដែលកន្លងមក យើងសម្រចបានជាច្រើនករណី និង បញ្ជូនជនជាប់សង្ស័យជាមេខ្យល់ត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោកស្រីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍បន្ថែមទៀតថា លទ្ធផលដែលសម្រេចបាននូវការបង្ក្រាបរហូតឈានទៅដល់ការកសាងសំណុំរឿងទៅតុលាការខេត្តចំពោះមេខ្យល់ទាំងពីរនាក់នេះ គឺដោយសារការណែនាំនិងបញ្ជាផ្ទាល់ពីឯកឧត្ដមអភិបាលខេត្ត បានចាត់ចែងនិងប្រគល់ភារកិច្ចឲ្យក្រុមការងារនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត ជាពិសេសបានចាត់តាំងលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត ឲ្យដឹកនាំមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះស្រាវជ្រាវជាបន្ទាន់ និងសាកសួរពលករ ដើម្បីឈានដល់ការកំណត់នូវអត្ដសញ្ញាណជនប្រព្រឹត្តល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យបានឆាប់រហ័សជាទីបំផុត ។

ក្នុងឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យធ្វើការពិចារណាឲ្យបានល្អិនល្អន់ និង ហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលជាសកលយ៉ាងខ្លាំងក្លានៅឡើយនោះ ចៀសវាងការចាញបោកមេខ្យល់ ព្រោះវាមានហានីភ័យខ្ពស់ចំពោះខ្លួនយើង ហេតុនេះចូរព្យាយាមស្វែងរកការងារធ្វើនៅក្នុងប្រទេសយើងវិញ ព្រោះវាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ។

សូមបញ្ជាក់ថា នេះជាករណីលើកទី០១ សម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ខណៈដែលឆ្នាំ២០២០កន្លងទៅនេះ សម្រេចបានចំនួន០៧ករណី ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប