ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីបំភ្លឺ ចំពោះការផ្សាយអត្ថបទព័ត៌មានរបស់ ខ្មែរថាមស៍

នាពេលថ្មីៗនេះ សារព័ត៌មានខ្មែរថាមស៍ (Khmer Times) បានចុះផ្សាយអត្ថបទព័ត៌មានក្រោមចំណងជើងថា “ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត៖ តម្លៃសេវាអ៊ីនធឺណិតអាចនឹងមានការកើនឡើង” ដែលបានចុះផ្សាយសម្ដីរបស់នាយកប្រតិបត្តិក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតម្នាក់ ថា […ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានធ្វើសវនកម្មលើប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតកាលពីដើមឆ្នាំនេះ ហើយបានរកឃើញក្រុមហ៊ុន មិនបានគណនាការចែករំលែកប្រាក់ចំណូល ឱ្យបានត្រឹមត្រូវសម្រាប់រដ្ឋចាប់តាំងពីឆ្នាំ២០១៧។ ក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត អាចនឹងត្រូវបង្ខំចិត្តដំឡើងថ្លៃអ៊ីនធឺណិតនៅឆ្នាំនេះដោយសារតែការពិន័យ…]។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កត់សម្គាល់ឃើញថាអត្ថបទនេះមានលក្ខណៈញុះញង់ និងបំភ្លៃការពិត រៀបរៀងដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនមួយ ដែលគេចវេះពីការបំពេញកាតព្វកិច្ចបង់ចំណូលជូនរដ្ឋកន្លងមក។ ក្រសួងសូមធ្វើការបំភ្លឺថា ការធ្វើអធិការកិច្ច និងការបង់ចំណែកនៃប្រាក់ចំណូល (Revenue Share) និងមូលនិធិ USOនិងCBRD ជូនរដ្ឋ គឺបានកំណត់ក្នុងលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងច្បាប់ស្ដីពីទូរគមនាគមន៍ ដែលមានចែងអំពីកាតព្វកិច្ចសម្រាប់ប្រតិបត្តិករត្រូវបំពេញ។ ដូចនេះ ការបង់ចំណែកនៃប្រាក់ចំណូលជូនរដ្ឋត្រឹមត្រូវ មិនមែនជា គោលការណ៍ថ្មី ឬបន្ទុកបន្ថែមនោះទេ ហើយប្រតិបត្តិករសេវាអ៊ីនធឺណិតដែលបានប្រកាសពន្ធនិងបំពេញកាតព្វកិច្ច ខ្ជាប់ខ្ជួននៅតែបន្តរក្សាតម្លៃសេវាអ៊ីនធឺណិតសមរម្យ ដដែល។

ក្នុងចំណោមប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំង៤២ មានក្រុមហ៊ុនខ្លះបានបំពេញកាតព្វកិច្ចស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ហើយក្រសួងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តវប្បធម៌បែបនេះ ដែលជាការចូលរួមពង្រឹង សណ្តាប់ធ្នាប់ក្នុងវិស័យទូរគមនាគមន៍ បង្កើនទំនុកចិត្តវិនិយោគិន និងការពារអ្នកប្រើប្រាស់។ ដោយឡែក ក្រុមហ៊ុនមួយចំនួន ដែលធ្លាប់តែកេងបន្លំអតិថិជន និងគេចវេះកាតព្វកិច្ចបង់ចំណូលជូនរដ្ឋជាច្រើនលានដុល្លារ ដែលក្រសួងបានរកឃើញ ត្រូវកែតម្រូវដោយការទទួលខុសត្រូវខ្ពស់ ចំពោះមុខច្បាប់។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្នើឱ្យសារព័ត៌មានខ្មែរថាមស៍ ពិនិត្យនិងកែតម្រូវឡើងវិញនូវខ្លឹមសារ នៃការចុះផ្សាយដែលមានលក្ខណៈញុះញង់ និងការពារក្រុមហ៊ុនមិនគោរពច្បាប់ ដោយគួរតែផ្សព្វផ្សាយនូវព័ត៌មានដែល ឆ្លុះបញ្ចាំងពីការពិត ជាក់ស្ដែង ជៀសវាងការភាន់ច្រឡំដល់សាធារណជន៕