មនុស្សប្រុសស្រី២៥នាក់ពាក់ព័ន្ធនឹងអ្នកដឹកជញ្ជូនស្រាបៀរ Gansberg វិជ្ជមានកូវីដ១៩ ត្រូវបានក្រុមគ្រូពេទ្យខេត្តតេស្តរហ័សលើកទី១រកកូវីដ១៩

កាលថ្ងៃទី០៩​ ខែឧសភា​ ឆ្នាំ២០២១​ម្សិលមិញនេះ​ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី​ បានតេស្តរកឃេីញករណីវិជ្ជមានកូវីដ-១៩​ ចំនួន០២នាក់​ នៅត្រង់ចំណុចគោលដៅរឹតបន្តឹងតាមវិធានការសុខាភិបាល​ចំណុចស្ពានស្រែពកព្រំប្រទល់​ខេត្តរតនគិរី​ និងខេត្តស្ទឹងត្រែង​ ដែលមានរាយនាមដូចខាងក្រោម៖

– ទី១៖ ឈ្មោះ នឹម អេង ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រីដៃ ឃុំបឹងត្រាញ់ ស្រុកសំរោង ខេត្តតាកែវ មុខរបរ ជាអ្នកដឹកជញ្ជូនទំនិញ​ ធ្វេីដំណេីរមកពីរាជធានីភ្នំពេញ។
– ទី២៖ ឈ្មោះ គង់ វីន ភេទប្រុស មានអាស័យដ្ឋានអចិន្ត្រៃយ៍នៅភូមិស្រែសង្គម ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មុខរបរជាអ្នកកម្មករលើឥវ៉ាន់ក្រុមហ៊ុនដឹកជញ្ជូនJ&T ទីតាំងទំនប់កប់ស្រូវ​ ជាអ្នកដំណេីរមកពីរាជធានីភ្នំពេញ។

បន្ទាប់ពីបានទទួលដំណឹងករណីវិជ្ជមានពី​ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី អាជ្ញាធរក្រុងបានលុងបានចុះទៅពិនិត្យអ្នកដែលពាក់ព័ន្ធជាមួយអ្នកវិជ្ជមានទី១ គឺដេប៉ូផល្លា​ លក់ស្រាបៀរ Ganzberg ​និងបុគ្គលិកនៅក្នុងនោះចំនួន​ ២៧នាក់​ បានដាក់អោយនៅធ្វេីចត្តាឡីស័ក​រយៈពេល១៤ថ្ងៃ​ ដេីម្បីធ្វេីការតាមដាន ដោយសារតែអ្នកវិជ្ជមានទី១ គាត់ បានដឹកស្រាបៀរមកទំលាក់នៅដេប៉ូក្នុង
ខេត្តរតនគិរីម្តងហើយកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រួចត្រឡប់ទៅវិញថ្ងៃដដែល។

ដោយឡែកនាព្រឹកថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២១នេះ​ តាមការអះអាងបញ្ជាក់ពីមន្ទីរសុខាភិបាលបានអោយដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីសុខាភិបាលខេត្តរតនគិរី បានចុះយកសំណាកធ្វើតេស្តរហ័ស Rapid test (លើកទី១) ទៅលើក្រុមគ្រួសារ និង បុគ្គលិក កម្មករ ចំនួន ២៥នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ នឹម អេង ( វិជ្ជមានកូវីដ-១៩ ) នៅចំនុចឃ្លាំងស្តុកស្រាបៀរហ្គេនស្បឺក ស្ថិតក្នុងភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី សរុបចំនួន ២៥នាក់ ស្រី ០៤នាក់ ដោយលទ្ធផលធ្វើតេស្តគឺអវិជ្ជមាន ( – ) ទាំងអស់។

សូមបញ្ជាក់ផងដែរថា​ បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋាន បានយកអ្នកជំងឺទាំង០២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាល
កូវីដ-១៩ កម្រិតស្រាល ស្ថិតនៅសាលាវិទ្យាល័យត្រពាំងក្រហម ភូមិបីត្រពាំងក្រហម ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគិរី ហើយក្រុមការងារបាននឹងកំពុងបន្តស្រាវជ្រាវរក អ្នកពាក់ព័ន្ធនឹងអ្នកខាងលើបន្ថែមទៀត៕