ក្រុមការងារបច្ចេកទេសសហព័ន្ធ សម្រេចយកខេត្តសៀមរាប ជាខេត្តដែលមានអាទិភាពក្នុងការជ្រើសរើសរៀបចំការប្រកួតកីឡាស៊ីហ្គេម លើប្រភេទកីឡាទោចក្រយាន

តាមរយៈបណ្ដាញទំនាក់ទំនងសង្គម«ហ្វេសប៊ុក»ផ្លូវការរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ខេត្តសៀមរាប ត្រូវបានកំណត់ជាខេត្តអាទិភាព ក្នុងចំណោមខេត្តមានសក្ដានុពលចំនួន៣ ដែលអាចជ្រើសរើសជាទីកន្លែងរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទកីឡាទោចក្រយាន(ប្រណាំងកង់)។

បើយោងតាមផែនការយុទ្ធសាស្ដ្រ និងការចង្អុលបង្ហាញរបស់មន្ដ្រីបច្ចេកទេសហព័ន្ធក្នុងការជ្រើសរើសទីតាំងខេត្ត៣ សម្រាប់ត្រៀមរៀបចំការប្រកួតស៊ីហ្គេម លើប្រភេទកីឡារប្រណាំងកង់នោះ រួមមានខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តកែប ដែលជាខេត្តមានអំណោយផលទាំងហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍។

ខេត្តសៀមរាប មានហេដ្ឋារចនាសម្ព័នព្រលានយន្ត ហោះ ផ្លូវថ្នល់ ទីតាំងប្រាសាទបុរាណ តំបន់ទេសចរណ៍ជាច្រើន ជាពិសេសឧទ្យានជាតិភ្នំគូលែន ដែលអាចរៀបចំការប្រកួតបានទាំងប្រភេទកីឡាកង់ភ្នំ និងកង់គក់។

ក្រុមការងារបច្ចេកទេសសហព័ន្ធ បានចុះទៅត្រួតពិនិត្យម្តងរួចមកហើយ ដោយបានសង្កេត និងវាយតម្លៃថា នឹងអាចរៀបចំការប្រកួតស្របតាមស្តង់ដារបច្ចេកទេសយ៉ាងល្អប្រសើរ។

ចំណែកខេត្តព្រះសីហនុ និងខេត្តកែបវិញ មានសក្ដានុពលស្រដៀងគ្នា ព្រោះជាខេត្តជាប់មាត់សមុទ្រ ជាក់ស្ដែងកាលពីដើមឆ្នាំ២០២០ ខេត្តទាំងពីរ ធ្លាប់ត្រូវបានសហព័ន្ធរៀបចំការប្រកួតកីឡាប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា ប្រកបដោយភាពជោគជ័យ។ លើសពីនេះទៀត ខេត្តទាំងពីរក៏មានសក្ដានុពលផ្លូវថ្នល់ឡើងចុះភ្នំ ស្របតាមស្ដង់ដារបច្ចេកទេស ក្នុងការទទួលរៀបចំព្រឹត្តិការណ៍អន្ដរបានផងដែរ។

ក្នុងចំណោមខេត្តទាំង៣ នេះ សៀមរាប គឺជាខេត្តអាទិភាពជាងគេ ក្នុងការជ្រើសរើសយកខេត្តនេះធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះក្រៅពីមានសក្ដានុពលផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប្រភេទកីឡាកីឡាករ-កីឡាការិនី គ្រូបង្វឹក និងធនធានមន្ដ្រីពាក់ព័ន្ធរបស់សហព័ន្ធភាគច្រើន ក៏ពួកគាត់ចេញពីខេត្តសៀមរាបនេះដែរ គឺជាខេត្តមានអំណោយផលគ្រប់បានយ៉ាង…»។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ កម្ពុជាសល់តែ ៧២៥ថ្ងៃទៀតប៉ុណ្ណោះ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលនឹងប្រារព្ធពិធីបើកផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ ចំពោះបញ្ហាទីលានប្រកួតវិញ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានទុកពេល ១សប្ដាហ៍ទៀតប៉ុណ្ណោះក្នុងការកំណត់ និងបញ្ចប់ ដើម្បីដាក់ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ពិនិត្យ និងសម្រេច ហើយបញ្ជូនទៅសហព័ន្ធ និងភាគីពាក់ព័ន្ធត្រៀមលក្ខណៈរៀបចំ និងទទួលខុសត្រូវក្នុងដំណើរឆ្ពោះទៅរកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប